(រ៉ង់ហ្គូន)៖ ស្ថានទូតសិង្ហបុរីនៅទីក្រុងរ៉ង់ហ្គោនបាននិយាយថា ប្រជាជនសិង្ហបុរីដែលកំពុងនៅក្នុងប្រទេសមីយ៉ាន់ម៉ាគួរតែចាកចេញឱ្យបានឆាប់តាមដែលពួកគេអាចធ្វើបាន ទាន់ពេលដែលវានៅតែអាចធ្វើបាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងសារអ៊ីមែលដែលបានចុះថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្ថានទូតបានលើកឡើងពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៃសន្តិសុខនិងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយអំពាវនាវឱ្យប្រជាជនសិង្ហបុរី «ចាកចេញឱ្យបានឆាប់តាមជើងហោះហើរសង្គ្រោះទៀងទាត់»។
ស្ថានទូតបានបន្ថែមទៀតថា «ស្ថានទូតមិនអាចធានាថាជើងហោះហើរសង្គ្រោះបន្ទាន់នឹងបន្តជាប្រចាំ ឬអ្នកធ្វើដំណើរនឹងអាចចាកចេញពីប្រទេសដោយសេរីតាមកាលបរិច្ឆេទធ្វើដំណើរដែលពួកគេចង់បាននោះទេ...ស្ថានទូតអាចនឹងមិនមានលទ្ធភាពរៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិសិង្ហបុរីនៅពេលក្រោយបានទេ»៕