(កាប៊ុល)៖ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ យ៉ាងហោចណាស់ ៨៩នាក់ត្រូវបានសម្លាប់ និង ៨២នាក់ទៀតរងរបួស នៅក្នុងការប្រយុទ្ធគ្នាតាមតំបន់មួយចំនួន នៃប្រទេសអាស៊ីខាងត្បូងមួយនេះ គិតចាប់តាំងពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានគូសបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់សរុប ៨៩នាក់ត្រូវបានសម្លាប់ និង ៨២នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន នៅក្នុងតំបន់ក្តៅគគុកមួយចំនួន នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ បន្ថែមពីនេះ កងកម្លាំងសន្តិសុខក៏បានរកឃើញ និងបានដោះគ្រាប់បែកនៅតាមដងផ្លូវចំនួន ១៣គ្រាប់ ដែលក្រុមសកម្មប្រយុទ្ធបានបង្កៃផងដែរ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើនេះ មិនបានបង្ហើបអំពីការស្លាប់ និងរបួស នៃកងកម្លាំងសន្តិសុខជាតិនោះទេ។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះបានកើតមានឡើងបន្ទាប់ពី អគ្គមេបញ្ជាការយោធាថ្នាក់តំបន់ម្នាក់ នៃសហរដ្ឋអាមេរិកបានអះអាងថា នឹងបន្តជួយគាំទ្រអាហ្វហ្គានីស្ថាន តាមរយៈការវាយប្រហារតាមដែនអាកាស ប្រឆាំងនឹងក្រុមតាលីបង់ បើទោះបីជាកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នឹងត្រូវដកចេញទាំងស្រុង ក្នុងពេលឆាប់ខាងមុខនេះក្តី៕