(ញូដេលី)៖ ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤៤,២៣០ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេល០៣សប្តាហ៍កន្លងទៅនេះ ជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការលេចឡើងនូវរលកថ្មីនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយបានបង្ខំឱ្យរដ្ឋមួយត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ជាថ្មីម្ដងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ប្រទេសឥណ្ឌា បានរងការវាយប្រហារយ៉ាងខ្លាំងដោយវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្ករឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់ កាលពីខែមេសា និងឧសភាកន្លងទៅនេះ ហើយក្រោយមកករណីឆ្លងបានធ្លាក់ចុះបន្តិចម្ដងៗ។ យ៉ាងណាមិញ ឥឡូវនេះ វាហាក់ស្ថិតក្នុងទំនោរកើនឡើង កំលុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបង្កឲ្យមានក្តីបារម្ភអំពីរលកឆ្លងរាលដាលថ្មី។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៥៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋ Kerala ភាគខាងត្បូង បានប្រកាសពីការដាក់ចេញនូវវិធានការបិទខ្ទប់ជាថ្មីម្ដងទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈវិធានការរឹតត្បឹតលើការធ្វើដំណើរ ក៏កំពុងតែអនុវត្តនៅតាមរដ្ឋភាគឦសានមួយចំនួន ដែលបានរាយការណ៍អំពីការកើនឡើង នូវចំនួនករណីឆ្លងផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣១.៥៧លានករណី ក្នុងនោះមានអ្នកស្លាប់ ៤២៣,០០០នាក់ និងអ្នកជាសះស្បើយជាង ៣០.៧៤លាននាក់។ ដោយឡែក បើតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលឥណ្ឌា ប្រមាណ ៦៧.៦ភាគរយនៃប្រជាជនសរុប ១.៣៥ពាន់លាននាក់ នៅប្រទេសឥណ្ឌា មានអង្គបដិប្រាណប្រឆាំងនឹងជំងឺ COVID-19 រួចទៅហើយ ខណៈប្រមាណ ៣៨ភាគរយនៃប្រជាជនពេញវ័យសរុប ៩៤៤លាននាក់ ក៏បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយដែរ៕