(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នាចុងសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុញ្ញាតចំពោះ គម្រោងលក់ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ CH-35K ចំនួន១៨គ្រឿង ឲ្យទៅប្រទេសអ៉ីស្រាអែល ក្នុងតម្លៃ៣.៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារពត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។

កញ្ចប់នៃការលក់ឧទ្ធម្ភាគចក្រខាងលើ នឹងរួមបញ្ចូលទាំងម៉ាស៉ីន, ប្រព័ន្ធប្រាប់ផ្លូវ, សព្វាវុធ, បរិក្ខាគាំទ្រ, គ្រឿងបន្លាស់ និងការគាំទ្រផ្នែកបច្ចេកទេស ហើយក្រុមហ៊ុនអាមេរិក Lockheed Martin និង General Electric នឹងជាក្រុមហ៊ុនម៉ៅការចម្បង។ ក្រសួងការបរទេសអាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកប្តេជ្ញាជ្រោមជ្រែង សន្តិសុខរបស់អ៉ីស្រាអែល ហើយវាជាចំណែកសំខាន់មួយ នៃផលប្រយោជន៍ជាតិអាមេរិក ក្នុងការជួយអ៉ីស្រាអែលអភិវឌ្ឍ និងរក្សាសមត្ថភាពការពារខ្លួនដែលរឹងមាំមួយ»។

គួរបញ្ជាក់ថា យ៉ាងណាមិញ ទោះទទួលបានការអនុញ្ញាតពីក្រសួងការបរទេសអាមេរិកក៏ដោយ វាមិនមែនមានន័យថា កិច្ចព្រមព្រៀងនៃការលក់ឧទ្ធម្ភាគចក្រនេះ ត្រូវបានចុះហត្ថលេខា ឬមួយក៏ដំណើរការចរចាគ្នា ត្រូវបានបញ្ចប់នោះទេ ពោលគឺវាស្ថិតក្នុងទម្រង់ជាគម្រោងចង់លក់នៅឡើយ៕