(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេសបានផ្ដល់យោបល់ឱ្យពលរដ្ឋអង់គ្លេសទាំងអស់កំពុងរស់នៅ ឬស្នាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាកចេញពីប្រទេសមួយនេះជាបន្ទាន់ ដោយសារបារម្ភពីសន្តិសុខ ខណៈកងកម្លាំងរដ្ឋាភិបាល និងក្រុមតាលីបង់កាន់តែបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
ការិយាល័យការបរទេស, រដ្ឋ Commonwealth និងការអភិវឌ្ឍនៃចក្រភពអង់គ្លេសផ្ដល់យោបល់ខាងលើ នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយលើគេហទំព័ររបស់ខ្លួន ដោយប្រាប់ ឱ្យពលរដ្ឋអង់គ្លេសចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន។ ការិយាល័យនេះដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «ពលរដ្ឋអង់គ្លេស ឬអ្នកមានសញ្ជាតិអង់គ្លេសទាំងអស់ ត្រូវបាន ផ្ដល់យោបល់ឱ្យចាកចេញពីអាហ្វហ្កានីស្ថានជាបន្ទាន់ ពីព្រោះតែស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសមួយនេះកាន់អាក្រក់ឡើង»។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមសកម្មប្រយុទ្ធតាលីបង់ កំពុងគ្រប់គ្រងតំបន់ជនបទមួយភាគធំនៃប្រទេសអាហ្វហ្កានីស្ថាន ហើយបានប្ដូរយុទ្ធសាស្ត្រងាកមកបង្កើនការវាយលុក ដណ្ដើមកាន់កាប់ទីក្រុងជាច្រើន ក្នុងនោះមានដូចជាទីក្រុង Herat និងទីក្រុង Lashkar Gah ស្របពេលកងទ័ពអាមេរិកនឹងត្រូវដកចេញទាំងស្រុងនៅត្រឹមចុងខែសីហានេះ៕