(តែលអាវីវ)៖ យន្ដហោះចម្បាំងអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស លើមូលដ្ឋានជាច្រើនរបស់ក្រុមហាម៉ាស់-ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip) នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ីស្រាអែល) ជាការសងសឹកទៅនឹងការបង្ហោះ «ប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះ» ហើយដុតបញ្ឆេះ ដើម្បីឲ្យវាធ្លាក់ចូលមកក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
ភ្លាមៗនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ ហើយខាងយោធាអ៉ីស្រាអែលបានអះអាងទៀតថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ មានគោលដៅលើមូលដ្ឋានបាញ់គ្រាប់រ៉ុក្កែតមួយកន្លែង របស់ក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែក្រុមហាម៉ាស់ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់សង្រ្គាមរយៈពេល ១១ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី១១ ខែឧសភាមក យោធាអ៉ីស្រាអែលបានរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា បានបង្ហោះប៉ោងប៉ោងដុតភ្លើង និងមានភ្ជាប់គ្រឿងផ្ទុះ ចូលមកក្នុងទឹកដីអ៉ីស្រាអែលជារឿយៗ ដោយបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលអ៉ីស្រាអែល បន្ធូរបន្ថយការរឹតត្បិតលើតំបន់ហ្កាហ្សា៕