(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះមុខបណ្តាប្រទេសអាស៊ី ពាក់ព័ន្ធនឹងការបង្កើនចំនួនអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសចិន ដូចដែលខ្លួនបានរាយការណ៍នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
ការសម្តែងក្តីព្រួយបារម្ភពីសំណាក់មន្ត្រីជាន់ខ្ពស់ នៃសហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសចូលរួមវេទិកាថ្នាក់តំបន់អាស៊ាន (ARF) តាមប្រព័ន្ធវីដេអូអនឡាញ ជាមួយប្រមុខការបរទេសមកពីប្រទេសក្នុងតំបន់អាស៊ីសរុបជាង ២០ប្រទេសកាលពីថ្ងៃទី០៦ ខែសីហា។ ចំពោះមុខវេទិកាថ្នាក់តំបន់នេះដែរ លោក Antony Blinken បានអំពាវនាវត្រង់ៗទៅចិន ឲ្យបញ្ឈប់ការបង្កហេតុនៅតំបន់សមុទ្រចិនខាងត្បូង ហើយលោកក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសិទ្ធិមនុស្សនៅតំបន់ ទីបេ ហុងកុង និង ស៊ីនជាំង របស់ប្រទេសចិនផងដែរ។ ជុំវិញការចោទប្រកាន់ជាថ្មីនេះ ចិនមិនទាន់ធ្វើការឆ្លើយតបណាមួយឡើយ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សារព័ត៌មានជាច្រើននៅសហរដ្ឋអាមេរិក បានចុះផ្សាយអំពីរូបភាពផ្កាយរណប ដែលក្រុមស៊ើបការណ៍សម្ងាត់របស់ខ្លួនបានអះអាងថា ចិនកំពុងសម្ងំកសាងមូលដ្ឋានផ្ទុកគ្រាប់មីស៊ីល-នុយក្លេអ៊ែរក្រោមដី រហូតដល់ទៅរាប់រយកន្លែង។ ទីក្រុងប៉េកាំងកន្លងមកនេះ ធ្លាប់បានអះអាងថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន គឺតិចតួចណាស់បើធៀបនឹងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ហើយទីក្រុងប៉េកាំងក៏ត្រៀមខ្លួនជានិច្ចដែរ ក្នុងការរៀបចំកិច្ចសន្ទនារួមគ្នា ទៅលើបញ្ហាសន្តិសុខជាយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក៕