(លីម៉ា)៖ ប្រធានាធិបតីប៉េរូ លោក ផេដ្រូ ខាស្ទីលឡូ (Pedro Castillo) នៅថ្ងៃសុក្រសប្ដាហ៍នេះបានសម្តែងការជឿជាក់យ៉ាងខ្លាំង លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ស៊ីណូហ្វាម (Sinopharm) បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងនេះរួច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២១។
លោក Castillo បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់លោក នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅប្រទេសប៉េរូ ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងថា «ខ្ញុំមកទទួលការចាក់វ៉ាក់សាំង ដោយប្រើប្រាស់វ៉ាក់សាំង Sinopharm ព្រោះខ្ញុំមានជំនឿលើវ៉ាក់សាំងនេះ ប៉ុន្តែមិនមែនត្រឹមតែវ៉ាក់សាំងនេះទេ គឺវ៉ាក់សាំងទាំងអស់»។
លោក Castillo បានអំពាវនាវឱ្យសាធារណជនអនុវត្តតាមឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដោយបន្ថែមថា វ៉ាក់សាំងនេះអាចកាត់បន្ថយបាននូវឱកាស នៃការធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់ ចំពោះអ្នកដែលបានឆ្លងជំងឺ។ រដ្ឋមន្ត្រីសុខាភិបាលប៉េរូ លោក ហឺណាន់ដូ សេវាល់ឡូស (Hernando Cevallos) ក៏បានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចរាល់ដែរ។
គួរបញ្ជាក់ថា ប្រទេសប៉េរូបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឹ COVID-19 ចាប់តាំងពីខែកុម្ភៈមកម៉្លេះ ដោយបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានផ្តល់អាទិភាពឱ្យទទួលការចាក់វ៉ាក់សាំងនេះដំបូងគេបង្អស់។ ក្រសួងសុខាភិបាលប៉េរូនាពេលថ្មីៗនេះ ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រហែល ៩៨ភាគរយនៃអត្រាមរណភាពក្នុងចំណោមវេជ្ជបណ្ឌិត ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ផងដែរ៕