(កាប៊ុល)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសឱ្យដឹងថា កងទ័ពអាមេរិក ៣,០០០នាក់ នឹងត្រូវបញ្ជូនទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងរយៈពេល ៤៨ម៉ោង ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការជម្លៀសបុគ្គលិកស្ថានទូត ប្រចាំនៅរដ្ឋធានីកាប៊ុល និងពលរដ្ឋអាមេរិក។ ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ វាយដណ្ដើមកាន់កាប់បានទីក្រុងចំនួន ១៥ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ ក្នុងនោះរួមមានទាំងទីក្រុង ហ្គាស្នី (Ghazni) ដែលស្ថិតនៅចម្ងាយតែជាង ១៥០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ុលប៉ុណ្ណោះ។
ក្រៅតែពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ក៏បានបញ្ជូនកងទ័ពទៅជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីអាហ្វហ្កានីស្ថានផងដែរ។ ការវាយប្រហាររបស់ ក្រុមតាលីបង់កាន់តែរុលទៅមុខ ដោយមិនមានអ្វីមកបង្អាក់ទាល់តែសោះ ទោះជាទីក្រុងវ៉ាស៊ីនតោនអះអាងថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស គាំទ្រដល់កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថានក៏ដោយ។ សហរដ្ឋអាមេរិក និងអង្គការ NATO បានផ្ដល់ជំនួយរាប់ពាន់លានដុល្លារ ក្នុងការពង្រឹងសមត្ថភាពរបស់កងទ័ពអាហ្វហ្កានីស្ថាន ដោយគ្រាន់តែអាមេរិកម្នាក់ឯងបានចំណាយលុយដល់ទៅជាង ៨៣ពាន់លានដុល្លារឯណោះចាប់តាំងពីឆ្នាំ២០០១មក។
ប៉ុន្តែកងទ័ពអាហ្វហ្កានីស្ថាននៅតែមិនមានសមត្ថភាព ទប់ទល់ជាមួយក្រុមតាលីបង់ទៅវិញ។ ក្រុមអ្នករៀបចំគោលនយោបាយអាមេរិកខ្លះយល់ថា បរាជ័យសព្វថ្ងៃនេះ គឺត្រូវបន្ទោសលើអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាលប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ជាពិសេសនៅក្នុងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ របស់អាហ្វហ្កានីស្ថានតែម្ដង។ ក្រុមអ្នកជំនាញ និងឧត្ដមសេនីយ៍អាមេរិកជាច្រើននាក់ ធ្លាប់បានព្រមានថា រដ្ឋាភិបាលលោក Ghani អាចនឹងត្រូវដួលរំលំក្នុងរយៈពេល ០៦ខែ ក្រោយកងទ័ពអាមេរិកដកចេញទាំងស្រុង។ តែក្រោយក្រុមតាលីបង់វាយដណ្ដើមបានទីក្រុងជាបន្តបន្ទាប់ លឿនដូចផ្លេកបន្ទោរ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះថា ទីក្រុងកាប៊ុលនឹងធ្លាក់ចូលកណ្ដាប់ដៃក្រុមតាលីបង់ក្នុងរយៈពេល ៩០ថ្ងៃ ឬអាចលឿនជាងនេះក៏ថាបាន ប្រសិនបើក្រុមសកម្មប្រយុទ្ធមួយនេះ នៅតែបន្តវាយរុលទៅមុខ ដោយគ្មានអ្វីមកបង្អាក់ដំណើរ។
ស្ថានការណ៍ក្នុងរដ្ឋធានីកាប៊ុលនៅពេលនេះ បានធ្វើឱ្យគេនឹកឃើញដល់ទីក្រុងភ្នំពេញ ក្រោមរបបដឹកនាំរបស់លោក លន់ នល់ និងទីក្រុងសៃហ្គន (ទីក្រុងហូជីមិញ) របស់វៀតណាមខាងត្បូងកាលពីឆ្នាំ១៩៧៥ ដែលបានដួលរំលំក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីតំបន់ឥណ្ឌូ-ចិន។ បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនពី សង្រ្គាមវៀតណាម ក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ កងទ័ពវៀតណាមខាងត្បូង នៅអាចការពារទឹកដីរបស់ខ្លួនបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ មុននឹងកងទ័ពវៀតណាមខាងជើង បើកការវាយលុកផ្ដាច់ព្រ័ត្របង្រួបបង្រួមប្រទេស។ ពោលគឺនៅពេលនោះ វៀតណាមខាងត្បូងនៅមានលទ្ធភាពតតាំងជាមួយ វៀតណាមខាងជើង ដោយសារមានការគាំទ្រយ៉ាងរឹងមាំពីយន្ដហោះចម្បាំង និងជំនួយភស្ដុភារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែការផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះបន្តិចម្ដងៗពី ២.២ពាន់លានដុល្លារក្នុងឆ្នាំ១៩៧៣ មកនៅ ១.១ពាន់លានដុល្លារក្នុងឆ្នាំ១៩៧៤ និងនៅសល់តែ ៧០០លានដុល្លារនៅឆ្នាំ១៩៧៥។
ក្រោយត្រូវបានអាមេរិកបោះបង់ចោល របបដឹកនាំវៀតណាមខាងត្បូងបានដួលរលំ ហើយជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិកត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។ រូបថតឧទ្ធម្ភាគចក្រអាមេរិក ដឹកបុគ្គលិកទូតហោះចាកចេញពីដំបូលស្ថានទូតអាមេរិក ខណៈរថក្រោះកងទ័ពវៀតណាមខាងជើងបើកកាត់តាមដងផ្លូវក្នុងទីក្រុង សៃហ្គន បានក្លាយជារូបភាពប្រវត្តិសាស្ត្រ នៃការបិទបញ្ចប់សង្រ្គាមវៀតណាមទាំងស្រុង។ ជនជាតិវៀតណាមខាងត្បូង ដែលធ្លាប់ធ្វើការឱ្យទីក្រុងវ៉ាស៊ីនតោន និងគ្រួសាររបស់ពួកគេប្រមាណតែ ២០,០០០នាក់ប៉ុណ្ណោះ ត្រូវបានជម្លៀសទៅកាន់សហរដ្ឋអាមេរិក។ ចុះអ្នកដែលនៅសល់មានរឿងអ្វីកើតឡើង ចំពោះពួកគេ?
កាសែតអាមេរិក National Review កាលពីឆ្នាំ១៩៧៧ បានចុះផ្សាយថា កងទ័ពវៀតណាមខាងជើងបានរឹបអូសឯកសារជាច្រើន ចេញពីស្ថានទូតអាមេរិក ហើយបានសម្លាប់ជនជាតិវៀតណាមខាងត្បូង ៣០,០០០នាក់ ដែលត្រូវបានចោទថា បានចូលរួមក្នុងប្រតិបត្តិការ ហ្វឺនិច (Operation Phoenix) និងប្រតិបត្តិការរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក សម្លាប់មេដឹកនាំរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។
បច្ចុប្បន្ន សម្ពាធបានធ្លាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន វិញម្ដង ដែលកំពុងប្រឹងប្រែងធានាឱ្យបានថា រឿងដែលបានកើតឡើងលើជនជាតិវៀតណាមខាងត្បូង ទាំងនេះនឹងមិនកើតឡើងម្ដងទៀតលើជនជាតិអាហ្វហ្កានីស្ថាន ដែលធ្លាប់ធ្វើការឱ្យសហរដ្ឋអាមេរិក។ បើតាមការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិក ជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យអាមេរិក និងសមាជិកគ្រួសាររបស់ពួកគេប្រមាណជា ៣៥,០០០នាក់ អាចប្រឈមមុខនឹងការធ្វើទារុណកម្ម, សម្លាប់ ឬជាប់ឃុំ ប្រសិនបើអាហ្វហ្កានីស្ថានធ្លាក់ចូលដៃក្រុមតាលីបង់។
រដ្ឋបាលលោក បៃដិន មានផែនការបញ្ជូនជនជាតិអាហ្វហ្កានីស្ថានទាំងនេះ ខ្លះទៅសហរដ្ឋអាមេរិក និងខ្លះទៀតទៅប្រទេសទី ៣ ដូចជា គូវ៉ែត និងកាតាជាដើម។ យ៉ាងណាក៏ដោយ អ្វីដែលគេនៅចាំមិនភ្លេច នោះគឺចាប់តាំងពីឆ្នាំ២០០៨មក អាមេរិកខ្លួនឯងបានទទួលយកជនភៀសខ្លួនអ៉ីរ៉ាក់តែជាង ៤៧,០០០នាក់ រីឯរាប់ម៉ឺននាក់ទៀត នៅតែកំពុងរង់ចាំឆ្លងកាត់នីតិវិធីស្នើសុំសិទ្ធិជ្រកកោនស្របច្បាប់ នៅសហរដ្ឋអាមេរិកនៅឡើយ។
* តើលោក បៃដិន នឹងទុកឱ្យទីក្រុងកាប៊ុល ក្លាយជាទីក្រុងសៃហ្គនទី២ឬ?
រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសបញ្ជូនកងទ័ព ៣,០០០នាក់ទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងពេល ៤៨ម៉ោង ខាងមុខ ដើម្បីសម្រួលដល់ការជម្លៀសបុគ្គលិកស្ថានទូត និងពលរដ្ឋអាមេរិកចេញពីទីក្រុងកាប៊ុល។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំពីកងទ័ពទាំងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ នៃក្រសួការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់ថាកងទ័ព ៣,០០០នាក់នឹងត្រូវស្ថិតនៅក្នុងទីក្រុងកាប៊ុលបណ្ដោះអាសន្ន គ្រាន់តែដើម្បីជម្លៀសបុគ្គលិកស្ថានទូត និងពលរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ «យើងមិនមែនបិទស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុលទាំងស្រុងនោះទេ ហើយ ក៏គ្មាននរណាម្នាក់បោះបង់ចោលអាហ្វហ្កានីស្ថាននោះដែរ... តែនេះជារឿងដែលត្រូវធ្វើ ដើម្បីការពារពលរដ្ឋរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក John Kirby។
បើតាមលោក John Kirby ក្រៅតែពីកងទ័ព ៣,០០០នាក់នេះ មន្ទីរបញ្ចកោណក៏នឹងបញ្ជូនកងទ័ព ១,០០០នាក់ទៅកាន់ប្រទេសកាតា ដែលជាទីបញ្ជាការប្រត្តិបត្តិការសឹក នៅអាហ្វហ្កានីស្ថាន ព្រមទាំងកងទ័ពពី ៣,៥០០នាក់ ដល់ ៤,០០០នាក់ទៀតទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសគូវ៉ែតផងដែរ ដើម្បីត្រៀមលក្ខណៈក្នុងគ្រាដែល ស្ថានការណ៍អាក្រក់ណាមួយកើតឡើង។ លោក John Kirby មិនបានលម្អិតថា តើអ្វីទៅជាស្ថានការណ៍អាក្រក់នោះទេ ឬក៏ថាតើនេះជាការត្រៀមលក្ខណៈធ្វើអន្តរាគមន៍ យោធាជួយស្រោចស្រង់រដ្ឋាភិបាលទីក្រុងកាប៊ុល ឬក៏យ៉ាងណានោះទេ?
ពិតមែនទៅ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley ធ្លាប់បានច្រានចោលការប្រៀបប្រដូចសា្ថនការណ៍នៅអាហ្វហ្កានីស្ថាន ទៅនឹងស្ថានការណ៍ ទីក្រុងសៃហ្គន។ លោក Milley បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកទាំងអស់គ្នាមិនអាចព្យាករពីអនាគតបានឡើយ ហើយខ្ញុំក៏មិនយល់ស្របថា ស្ថានការណ៍ទីក្រុង សៃហ្គន កាលពីឆ្នាំ១៩៧៥ កំពុងកើតឡើងជាថ្មីនៅអាហ្វហ្កានីស្ថាននោះដែរ។ ដ្បិតតាលីបង់មិនមែនជាកងទ័ពវៀតណាមខាងជើង ហើយស្ថានការណ៍វិញក៏មិនដូចគ្នាទៅទៀត»។
តែទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគភាគច្រើនយល់ថា មានភាគរយតិចតួចណាស់ដែលលោក ចូ បៃដិន នឹងត្រឡប់បកក្រោយវិញ ឬសម្រេចចិត្តធ្វើសង្រ្គាមជាមួយក្រុមតាលីបង់ជាថ្មី។ ពីព្រោះថាអាមេរិកសព្វថ្ងៃ បិទភ្នែក បើកភ្នែកឃើញតែចិន ពោលគឺនយោបាយថ្មីរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក បៃដិន បានងាកមកផ្ដោតជាសំខាន់លើតំបន់អាស៊ីជាអាទិភាព ដោយធ្វើយ៉ាងណាខ្ទប់ការកើនឡើងឥទ្ធិពលចិន ហើយដើម្បីអាចធ្វើបែបនេះបានអាមេរិកត្រូវបង្វែរ ឬប្រមូលធនធានជាច្រើន។
លោក ចូ បៃដិន កាលពីថ្ងៃអង្គារកន្លងទៅបាននិយាយថា លោកមិនមានការសោកស្ដាយឡើយ ចំពោះការដកកងទ័ពអាមេរិក ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ច្រើនជាង ១ទ្រីលានដុល្លារ និងពលីអាយុជីវិតកងទ័ពរាប់ពាន់នាក់ ក្នុងសង្រ្គាមដ៏យូរអង្វែងរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន។ មិនតែប៉ុណ្ណោះលោក បៃដិន ផ្ទាល់ក៏បាននិយាយចំៗផងដែរថា ការការពារប្រទេសអាហ្វហ្កានីស្ថាន គឺជាកាតព្វកិច្ចរបស់កងទ័ពអាហ្វហ្កានីស្ថានទាំងស្រុង។
គួរបញ្ជាក់ថា កាលពីព្រហស្បតិ៍សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ថា សហរដ្ឋអាមេរិកនឹងនៅតែបន្តផ្ដល់ការគាំទ្រដើម្បីធានាសន្តិភាព និងស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ហើយថា សហរដ្ឋអាមេរិកនៅតែមានការប្ដេជ្ញាចិត្ត គាំទ្រដល់ដំណោះស្រាយនយោបាយមួយបញ្ចប់ជម្លោះ។ តើនេះគ្រាន់តែជាសន្យាខ្យល់ ឬ? ព្រោះថាអ្វីដែលគេសង្ឃឹមថា អាចស្រោចស្រង់រដ្ឋាភិបាលអាហ្វហ្កានីស្ថានបាន នោះមានតែការធ្វើអន្តរាគមន៍របស់អាមេរិក និង NATO ប៉ុណ្ណោះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្លាប់បានបញ្ជាក់មុនពេលទ្រង់ ត្រូវបានពួកខ្មែរក្រហមយកទៅប្រហារជីវិតថា «ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមានកំហុសតែមួយគត់នោះ គឺជឿលើសហរដ្ឋអាមេរិក»។ ដូច្នេះថា តើបើសិនរដ្ឋាភិបាលអាហ្វហ្កានីស្ថានពិតជាដួលរលំមែន តើវាមានន័យដូចម្ដេច ចំពោះសម្ពន្ធមិត្តរបស់អាមេរិកដទៃ? ជាពិសេសគឺកោះតៃវ៉ាន់តែម្ដង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ដើម្បីការពារពួកគេពីចិន៕
ប្រភព៖ Hoover Institution និង Reuters (ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១)