(ក្រិច)៖ ទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប (Frontex) កំពុងពិសោធន៍ឧបករណ៍ត្រួតពិនិត្យបច្ចេកវិទ្យាថ្មី ដើម្បីចាប់រូបភាពទូកជនចំណាកស្រុកពីអាហ្វហ្គានីស្ថាន ខណៈក្រុមសកម្មយុទ្ធតាលីបង់បានបង្កើនការប្រយុទ្ធកាន់ខ្លាំងក្លា ដើម្បីកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
ប្រព័ន្ធ balloon ដែលបំពាក់ដោយកាមេរ៉ា កំពុងត្រូវបានសាកល្បងនៅអាកាសយានដ្ឋាន Alexandroupolis ក្បែរព្រំប្រទល់ក្រិច-តួកគី និងនៅលើកោះ Limnos ក្នុងគោលបំណងផ្តល់ឱ្យមន្រ្តីព្រំដែននូវទិដ្ឋភាពកាន់តែច្បាស់ពីស្ថានភាពទូកចូលរបស់ក្រុមចំណាកស្រុក។
អ្នកនាំពាក្យរបស់ Frontex លោក Piotr Switalski បាននិយាយថា «ជាការពិតយើងកំពុងសង្កេត និងតាមដានការវិវត្តព្រឹត្តិការថ្មីៗនៅជុំវិញពិភពលោក ជាពិសេសនៅអាហ្វហ្គានីស្ថាន និងទុយនីស៊ីដែលអាចមានឥទ្ធិពលលើលំហូរជនចំណាកស្រុកឆ្ពោះទៅសហភាពអឺរ៉ុប»។
លោកបានសង្កត់ធ្ងន់ថា «ការឃ្លាំមើលព្រំដែនសមុទ្រ គួរតែត្រូវបានកែលម្អខ្លាំង ដោយសារតែប្រព័ន្ធកែច្នៃថ្មីកាន់តែសម្បូរបែប»។
គួរបញ្ជាក់ថា មន្រ្តី Frontex មានប្រមាណជាង ៤០០នាក់ ជាមួយនឹងយានយន្តរាប់សិបគ្រឿង រួមទាំងបំពាក់បច្ចេកវិទ្យាទំនើប ក៏ដូចជានាវាល្បាតចំនួន៨គ្រឿង ត្រូវបានបញ្ឈរជើងនៅប្រទេសក្រិច ដើម្បីតាមដាននិងទប់ស្កាត់បញ្ហាជនចំណាកស្រុក៕