(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ បញ្ឈប់ការវាយសង្គ្រប់លើកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល ហើយត្រលប់មករកតុចរចាគ្នាដោយស្មោះត្រង់វិញ ដើម្បីផលប្រយោជន៍របស់អាហ្វហ្គានីស្ថាន និងប្រជាជនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។
ការអំពាវនាវដោយប្រមុខ UN ខាងលើនេះ ត្រូវបានធ្វើឡើងចេញពីទីស្នាក់ការកណ្តាល UN ស្ថិតក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក ខណៈដែលស្ថានការណ៍នៅអាហ្វហ្គានីស្ថាន ត្រូវបានគេមើលឃើញថា កំពុងតែវិវឌ្ឍទៅរកភាពមិនអាចគ្រប់គ្រងបាន ហើយតម្រូវការផ្នែកមនុស្សធម៌ គឺជារឿងចាំបាច់សម្រាប់ពេលនេះ។
លោក Antonio Guterres បានរៀបរាប់យ៉ាងដូច្នេះថា «អាហ្វហ្គានីស្ថានត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងជម្លោះរាប់ជំនាន់មកហើយ ដោយឥឡូវនេះកំពុងឈានចូល សម័យកាលវឹកវរថ្មីមួយទៀត... វាជាសោកនាដកម្មបន្ថែម សម្រាប់ប្រជាជនដែលបានរងទុក្ខវេទនា អស់កាលជាយូរអង្វែងមកហើយ...។ ប្រជាជនជាង ១,០០០នាក់បានស្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធគ្នាក្នុងខេត្ត ហែលមែនដ៍ (Helmand), កាន់ដាហា (Kandahar) និង ហឺរ៉ាត (Herat) តែក្នុងកំលុងមួយខែមុននេះប៉ុណ្ណោះ»។
ប្រមុខ UN រូបនេះបានបន្តទៀតថា ការប្រយុទ្ធគ្នាដើម្បីដណ្តើម និងរក្សាទឹកដីរវាង កងកម្លាំងរដ្ឋាភិបាលទីក្រុងកាបុល និងក្រុមសកម្មប្រយុទ្ធតាលីបង់ បានបង្កទុក្ខវេទនាធំធេងបំផុតទៅដល់ប្រជាជនស្លូតត្រង់។ លោក Guterres បានសង្កត់ធ្ងន់ថា «ប្រជាជនយ៉ាងហោចណាស់ ២៤១,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង... មន្ទីរពេទ្យពោពេញដោយអ្នកជំងឺ ខណៈចំណីអាហារ និងថ្នាំសង្កូវ សុទ្ធតែស្ថិតក្នុងភាពខ្វះខាត។ បន្ថែមពីនេះសាលារៀន ថ្នល់-ស្ពាន គ្លីនិក និងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ត្រូវបានបំផ្លិចបំផ្លាញនៅទូទាំងអាហ្វហ្គានីស្ថាន»។
ជាចុងក្រោយលោក Antonio Guterres បានអំពាវនាវជាថ្មី ឲ្យភាគីជម្លោះទាំងអស់ ចៀសវាងការប៉ះទង្គិចទ្រង់ទ្រាយធំ ដែលនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាជនស្លូតត្រង់។ អគ្គលេខាធិការ UN រូបនេះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យចាត់ទុកជ័យជម្នះរបស់ក្រុមតាលីបង់ ដែលអាចកើតមាននៅពេលខាងមុខនេះ «គឺជាភាពបរាជ័យមួយ» ព្រោះវានឹងធ្វើឲ្យសង្គ្រាមស៊ីវិល អូសបន្លាយកាន់តែវែងឆ្ងាយ ឬក៏វានឹងធ្វើឲ្យអាហ្វហ្គានីស្ថានក្លាយជា «ប្រទេសឯកោ» ពេញទីតែម្តង៕