(កាប៊ុល)៖ លោក អះម៉ាត់ ម៉ាស់សូដ (Ahmad Massoud) ដែលជាកូនប្រុសរបស់អតីតមេដឹកនាំប្រឆាំងក្រុមតាលីបង់ លោក អះម៉ាត់ ហ្សាហ៍ ម៉ាស់សូដ (Ahmad Shah Massoud) បាននិយាយថា លោកនឹងមិនចុះចាញ់ ឬប្រគល់តំបន់ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ទៅឱ្យក្រុមតាលីបង់នោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
លោក Ahmad Massoud បានធ្វើការកត់សម្គាល់បែបនេះ ប្រាប់ទូរទស្សន៍ អាល់ អារ៉ាប៊ីយ៉ា (al-Arabiya) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ បើតាមលោក Massoud អាហ្វហ្កានីស្ថានត្រូវតែបង្កើតរដ្ឋាភិបាលរួបរួមមួយ ដែលមានការចូលរួមពីក្រុមតាលីបង់ ប៉ុន្តែទន្ទឹមគ្នាលោកបានព្រមានថា សង្រ្គាមនឹងផ្ទុះឡើងដោយចៀសមិនរួច ប្រសិនបើក្រុមតាលីបង់បដិសេធ ឬមិនចូលរួមក្នុងកិច្ចចារចា តាមដែលខ្លួនចង់បាននោះ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Ahmad Massoud មកទល់នឹងពេលនេះក៏បានប្រមូលកងទ័ព ៩,០០០នាក់បន្ថែមផងដែរ នៅក្នុងចលនាតស៊ូមួយមានឈ្មោះថា រណសិរ្សជាតិតស៊ូ (National Resistance Front ឬ NRF) ឬគេស្គាល់ថា ផេនហ្ស៊ឺរ រីស៊ីស្តិនស៍ (Panjshir Resistance) ស្ថិតនៅខេត្ត Panjshir ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន ដើម្បីត្រៀមប្រឆាំងនឹងក្រុមតាលីបង់។
គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះទៀតថា គិតចាប់តាំងពីក្រុមតាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល ដែលត្រូវបានចាត់ទុកថា ជាស្នូលនៃអំណាចគ្រប់គ្រងអាហ្វហ្គានីស្ថានទាំងមូលនោះ ខេត្ត Panjshir ឯណោះវិញមិនទាន់ត្រូវបានតាលីបង់ចូលគ្រប់គ្រងឡើយ។ លោក Ahmad Massoud បានព្រមានថា ក្រុមតាលីបង់នឹងមិនអាចស្ថិតនៅបានយូរទៀតឡើយ ប្រសិនបើនៅបន្តផ្លូវដើររបស់ខ្លួនបែបនេះ។
ជាការឆ្លើយតប ក្រុមតាលីបង់បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២២ ខែសីហាថា កងកម្លាំងរបស់ខ្លួនកំពុងតែធ្វើដំណើរទៅកាន់ជ្រលង Panjshir នោះហើយ ខណៈកន្លងមកនេះ កងកម្លាំងអាហ្វហ្គានីស្ថានមួយចំនួន ដែលនៅបន្តស្មោះស្ម័គ្រនឹងអតីតរដ្ឋាភិបាលមុន បានបន្តចល័តទៅប្រមូលផ្តុំនៅខេត្ត Panjshir ភាគខាងជើងទីក្រុងកាប៊ុល ឬគេស្គាល់កន្លងមកនេះថា ជាមូលដ្ឋានប្រឆាំងតាលីបង់ដ៏រឹងមាំមួយនោះ។
បើតាមក្រុមតាលីបង់ ការបញ្ជូនកម្លាំងទៅកាន់ខេត្ត Panjshir គឺដើម្បីដណ្តើមគ្រប់គ្រងតំបន់នោះតែម្តង ប្រសិនបើមន្ត្រីនៅក្នុងខេត្តនោះ មិនព្រមប្រគល់ការគ្រប់គ្រង ឲ្យក្រុមតាលីបង់ដោយសន្តិវិធី។ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានជម្លៀសពីតំបន់មួយចំនួន នៅកាន់ខេត្ត Panjshir ផងដែរ គិតចាប់តាំងពីក្រុមតាលីបង់ បានចូលគ្រប់គ្រងទីក្រុងកាប៊ុល។
យោងតាមប្រភពដែលក្រុមតាលីបង់ បានប្រកាសលើគណនី Twitter របស់ខ្លួនជាភាសាអារ៉ាប់ ពួកគេបានចោទប្រកាន់ថា តំបន់ដែលគ្រប់គ្រងដោយលោក Ahmad Massoud នោះតាមពិតទៅកំពុងប្រមូលផ្តុំកម្លាំង ដើម្បីវាយប្រហារលើក្រុមតាលីបង់វិញ មិនមែនដើម្បីជំរុញឲ្យតាលីបង់ បង្កើតរដ្ឋាភិបាលរួបរួមមួយ ដូចពួកគេកំពុងអះអាងនោះឡើយ៕