(សិង្ហបុរី)៖ ខណៈដែលអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស កំពុងតែបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនោះ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសស្ម័គ្រចិត្តបញ្ជូនយន្តហោះដឹកជញ្ជូនយោធា (MRTT) នៃកងទ័ពអាកាសសិង្ហបុរី (RSAF) ប្រភេទ A330 ដើម្បីទៅជួយសហរដ្ឋអាមេរិក ជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
យន្តហោះយោធា A330 RSAF MRTT របស់កងទ័ពអាកាសសិង្ហបុរី មានសមត្ថភាពអាចដឹកមនុស្សបាន ២៦៦នាក់ ឬជាទំនិញបាន ៣៧តោន ហើយក៏អាចប្រើប្រាស់ដើម្បីដឹកបុគ្គលិកដែលបានរងរបួស ឬមានជំងឺផងដែរ។
ជុំវិញដំណើរការខាងលើនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានជម្រាបទៅកាន់លោកស្រីអនុប្រធានាធិបតី (ហារីស) រួចហើយថា យើងបានដឹងអំពីដំណើរការជម្លៀសមនុស្ស ដោយសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយប្រទេសសិង្ហបុរីនឹងផ្តល់ឲ្យសហរដ្ឋអាមេរិក នូវការប្រើប្រាស់យន្តហោះ (A330 RSAF MRTT) ដើម្បីជួយដល់ដំណើរការជម្លៀសនោះ»។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក Lee Hsien Loong ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទនេះ កំលុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់ នៃអនុប្រធានាធិបតីអាមេរិកលោកស្រី ហារីស មកកាន់ប្រទេសអាស៊ានមួយនេះ។ លោកស្រី ហារីស បានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយស្ថិតក្នុងគោលដៅបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬបើនិយាយឲ្យចំ គឺសហរដ្ឋអាមេរិកកំពុងព្យាយាមប្រមូលផ្តុំកម្លាំង ដើម្បីទប់ទល់ឥទ្ធិពលចិន៕