(តេហេរ៉ង់)៖ អ៉ីរ៉ង់បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរបស់ខ្លួន ហើយបានចោទប្រកាន់ថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅតែដើរតាមនយោបាយចាស់របស់លោក ដូណាល់ ត្រាំ ដដែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) ធ្វើការកត់សម្គាល់បែបនេះតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ អាមេរិកប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើជនជាតិអ៉ីរ៉ង់៤នាក់ ពីបទមានជាប់ពាក់ព័ន្ធនឹងផែនការចាប់ពង្រត់អ្នកកាសែតអាមេរិកដើមកំណើតអ៉ីរ៉ង់ម្នាក់ដែលកំពុង រស់នៅក្នុងសហរដ្ឋអាមេរិក។

លោក Saeed Khatibzadeh បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនត្រូវតែយល់ឱ្យច្បាស់ថាខ្លួនគ្មាន ជម្រើសអ្វីផ្សេងទៀតនោះទេ ក្រៅតែពីបញ្ឈប់ការដាក់ទណ្ឌកម្មបន្ថែម ហើយបង្ហាញការគោរពទាំងនៅក្នុងការធ្វើសេចក្ដីថ្លែងការណ៍ និងអាកប្បកិរិយាចំពោះអ៉ឺរ៉ង់»

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាលើកដំបូងជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ ក្នុងថ្ងៃសៅរ៍តៃមួយនោះដែរ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយថាលោកនឹងខិតខំស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប៉ុន្តែអះអាងថាអ៉ីរ៉ង់នឹងមិនស្ថិតនៅក្រោមសម្ពាធលោកខាងលិចជាដាច់ខាត៕