(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ (Bruno Le Maire) បាននិយាយថាហេតុការណ៍ដែលបានកើតឡើងនៅអាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹក មួយឱ្យសហភាពអឺរ៉ុបភ្ញាក់ខ្លួនងាកមកពង្រឹងវិស័យការពារជាតិ និងភាពជាមេដឹកនាំពិភពលោក ដោយមិនត្រូវពឹងផ្អែកលើអ្នកដទៃទៀតទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ការលើកឡើងបែបនេះរបស់លោក Bruno Le Maire ធ្វើឡើងក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាឱកាសចូលរួមសន្និសីទធុរកិច្ចប្រចាំឆ្នាំនៅឯតំបន់ Cernobbio នៃប្រទេសអ៉ីតាលី។ លោក Bruno បានគូសបញ្ជាក់ដូច្នេះថា «អ៉ឺរ៉ុបគឺជាមហាអំណាចលេខ៣ បន្ទាប់ពីចិន និងសហរដ្ឋអាមេរិក...តែអ្នកបើកភ្នែកមើលចុះ យើងកំពុងប្រឈមមុខនឹងការគំរាមកំហែង ហើយយើងមិនអាចបន្តពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកទៀតបាននោះទេ។ ហេតុការណ៍ដែលបានកើតឡើងនៅ អាហ្វហ្កានីស្ថាន គឺជាការក្រើនរំលឹកមួយ ខណៈអឺរ៉ុបកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក»។
គួរបញ្ជាក់ថា បើតាមលោក Bruno Le Maire បារាំងបានសម្រេចចិត្តវិនិយោគប្រាក់ ២.០២ពាន់លានដុល្លារបន្ថែមដើម្បីពង្រឹងវិស័យការពារជាតិនៅក្នុងឆ្នាំ២០២១នេះ ហើយក៏ចង់ឃើញបណ្ដាប្រទេសអឺរ៉ុបធ្វើដូចគ្នានេះផងដែរ៕