(រីយ៉ាដ)៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាពួកគេបានស្ទាក់ចាប់ និងបំផ្លាញគ្រាប់មីស៊ីល ៣គ្រាប់ ដែលបាញ់តម្រង់មកកាន់តំបន់ប្រេងដ៏ធំមួយកន្លែង ស្ថិតនៅភាគខាងកើត រួមទាំងទីក្រុង Najran និងទីក្រុង Jazan នៃភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ភ្លាមៗ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារមីស៊ីលកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនៅឡើយទេ ប៉ុន្តែក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បាននិយាយថាក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេមែន គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
បន្ថែមពីលើនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតមិនបានបញ្ជាក់ថាតើមានអ្នកស្លាប់នៅក្នុងការវាយប្រហារខាងលើ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងថាកុមារ ២នាក់ និងផ្ទះ១៤ ខ្នងរងការខូចខាត៕