(ឃុនដឹស)៖ ប្រធានចារកម្មនៃក្រុមតាលីបង់ប្រចាំខេត្ត ឃុនដឹស (Kunduz) ប្រទេសអាហ្វហ្គានីស្ថាន លោក ហាចជី ណាជីប៊ុលឡោះ ហារ៉ូន (Hajji Najibullah Haron) នៅថ្ងៃពុធនេះបានចេញមុខច្រានចោល របាយការណ៍ស្តីអំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS នៅក្នុងខេត្តភាគខាងជើងមួយនេះ ហើយថាវាជាការប្រឌិតឡើង ដោយគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោក Hajji Najibullah Haron បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «សន្តិភាពនៅទីបំផុតបានវិលត្រឡប់មកខេត្ត Kunduz វិញហើយ... ប្រជាជនកំពុងរស់នៅដោយសុខសាន្តនៅទីនោះ ហើយរបាយការណ៍ណាមួយ ស្តីអំពីវត្តមានរបស់បណ្តាញក្រុមសកម្មប្រយុទ្ធ ISIS នៅខេត្ត Kunduz គឺគ្មានមូលដ្ឋានទាំងស្រុង»

លោក Hajji Najibullah Haron បានធ្វើការកត់សម្គាល់ទៀតថា ប្រទេសអាហ្វហ្គានីស្ថាន នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកបំផ្លាញសន្តិភាព និងសន្តិសុខនៅខេត្ត Kunduz ឬខេត្ត និងតំបន់ផ្សេងទៀតៗនៃប្រទេសឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីការចូលកាន់កាប់រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ជាស្ថាពរនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី០៧ ខែកញ្ញា។ អង្គការសហប្រជាជាតិ (UN), បណ្តាប្រទេសលោកខាងលិច និងប្រទេសចិនផងដែរ សុទ្ធតែបានជំរុញឲ្យក្រុមតាលីបង់រក្សាសន្តិសុខក្នុងប្រទេស ហើយមិនត្រូវបណ្តោយឲ្យអាហ្វហ្កានីស្ថាន ក្លាយជាជម្រកនៃក្រុមភេរវករណាមួយ ជាដាច់ខាត៕