(បាងកក)៖ ប្រទេសថៃបានសម្រេចពន្យារផែនការបើករាជធានីបាងកក និងទីក្រុងធំៗមួយចំនួនទៀតឡើងវិញ ដើម្បីទទួលទេសចរបរទេស រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារអត្រានៃការចាក់វ៉ាក់សាំង COVID-19 មានល្បឿនយឺតជាងការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ TAT បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ទីក្រុងដែលយើងចង់បើកទ្វារ ដើម្បីទទួលភ្ញៀវទេសចរបរទេសឡើងវិញ គឺមិនទាន់សម្រេចបានអត្រាចាក់វ៉ាក់សាំង ៧០ភាគរយនៅឡើយទេ ដូច្នេះយើងបានសម្រេច ពន្យារផែនការនេះទៅដល់ខែវិច្ឆិកា ឆ្នាំ២០២១»។
កន្លងមកនេះ អាជ្ញាធរថៃបានឲ្យដឹងថា ពួកគេគ្រោងនឹងបើកទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំង COVID-19 រួចរាល់ ដោយពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ក នៅតាមទីក្រុងធំៗដូចជា បាងកក, Hua Hin, Pattaya និង Chiang Mai នៅខែតុលា ឆ្នាំ២០២១ ដើម្បីស្តារវិស័យទេសចរណ៍ដ៏សំខាន់ឡើងវិញ។
មកទល់ឥឡូវ តំបន់នៅក្នុងប្រទេសថៃ ដែលបើកស្វាគមន៍ភ្ញៀវទេសចរបរទេស ដោយមិនចាំបាច់មានការធ្វើចត្តាឡីស័ក គឺមានតែកោះមួយចំនួនប៉ុណ្ណោះ ដូចជា Phuket, Samui, Tao និង Phangan។
គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ថៃចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឲ្យប្រជាជនបាន២២ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង ៧០លាននាក់ ខណៈរាជធានីបាងកក សម្រេចបាន៤៤ភាគរយ។ សម្រាប់ករណីឆ្លងសរុបនៅទូទាំងប្រទេសវិញ ថៃមាន១.៥១លាននាក់ ក្នុងនោះមានអ្នកស្លាប់១៥,៧៥៣នាក់ និងជាសះស្បើយជាង១.៣៦លាននាក់៕