(យូអិន)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន (Moon Jae-in) បានអំពាវនាវឱ្យមានការបន្តកិច្ចចរចាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្រកាសបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។
លោក Moon Jae-in បានគូសបញ្ជាក់នៅក្នុងកិច្ចពិភាក្សាទូទៅ ទៅកាន់សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ថា «សន្តិភាពនៅឧបទ្វីបកូរ៉េ តែងតែចាប់ផ្តើមដោយកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ខ្ញុំសូមអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវកិច្ចសន្ទនារវាងកូរ៉េទាំងពីរ និងរវាងសហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង»។
លោក Moon Jae-in បានថ្លែងទៀតថា «ថ្ងៃនេះខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ដល់សហគមន៍នៃប្រជាជាតិនានា រួបរួមកម្លាំងគ្នាសម្រាប់ការប្រកាស បិទបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ»។ កាលពីឆ្នាំមុន លោក Moon Jae-in ក៏បានអំពាវនាវឱ្យមានការប្រកាស បិទបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េដែរ នៅក្នុងសុន្ទរកថាវីដេអូមួយ ទៅកាន់សម័យប្រជុំលើកទី ៧៥ នៃ UNGA។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធតែបានធ្វើតេស្តគ្រាប់មីស៊ីល រៀងៗខ្លួនកាលពីសប្តាហ៍មុននេះ ដែលបានបង្កឲ្យអន្តរជាតិចាប់អារម្មណ៍ និងព្រួយបារម្ភព្រមជាមួយគ្នា ចំពោះភាពតានតឹងខ្លាំងឡើងវិញនៅតំបន់ឧបទ្វីបកូរ៉េ ខណៈកិច្ចចរចាកន្លងមកនេះ សុទ្ធតែកំពុងជាប់គាំងទាំងអស់៕