(ប៉េកាំង)៖ ថ្ងៃទី៨ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដោយបានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះរដ្ឋាភិបាលថ្មីរបស់ជប៉ុន ដែលបានយកចិត្តទុកដាក់ដល់ការរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងប្រទេសទាំងពីរ ប្រទេសចិនរីករាយ បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការជាមួយជប៉ុន ក្នុងន័យជំរុញឱ្យបង្កើតទំនាក់ទំនងរវាងចិននិងជប៉ុនដែលសមស្របនឹងតម្រូវការនៃយុគសម័យថ្មី តាមរយៈស្មារតី ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីត្រួសត្រាយអនាគតដ៏ល្អបវរ។

លោក Fumio Kishida ក៏បានថ្លែងថាក្នុងស្ថានការណ៍អន្តរជាតិនិងតំបន់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងជប៉ុននិងចិនបាននិងកំពុងឈានចូលយុគសម័យថ្មី។ នេះជាការ ជួបពិភាក្សាតាមទូរស័ព្ទទាន់ពេលវេលា និងមានសារៈសំខាន់ក្រៃលែងមួយលើក។ វាច្បាស់ណាស់ថាក្នុងបរិបទបច្ចុប្បន្នដែលពិភពលោកបាននិងកំពុងស្ថិតក្នុង ភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ តើចិននិងជប៉ុនធ្វើយ៉ាងណាទើបអាចក្តាប់ជាប់ឱកាសនិងពុះពារឧបសគ្គ ប្រការនេះមិនត្រឹមតែពាក់ព័ន្ធដល់ផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជននៃប្រទសេទាំងពីរបុណ្ណោះទេ ថែមទាំងក៏ពាក់ព័ន្ធដល់សន្តិភាពនិងការអភិវឌ្ឍរបស់អាស៊ី រហូតដល់ពិភពលោកផងដែរ។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់បង្កើតទំនាក់ទំនងរវាង ចិននិងជប៉ុនដែលសមសម្របនឹងតម្រូវការយុគសម័យថ្មី។ ជាបឋម គួរតែគោរពគោលការណ៍គ្រប់ខដែលត្រូវបានកំណត់ក្នុងឯកសារនយោបាយចំនួន៤រវាងចិននិងជប៉ុន អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតឯកភាពរួមខាងនយោបាយ ពោលគឺ «ធ្វើជាដៃគូសហប្រតិបតិ្តការគ្នាទៅវិញទៅមក មិនបង្កជាការគំរាមកំហែងទៅវិញទៅមក»។ ព្រមពេលជាមួយគ្នានេះ ភាគីទាំងពីរចិន និងជប៉ុនត្រូវបង្កើនការផ្លាស់ប្តូរខាងអភិបាលកិច្ចនិងការសម្របសម្រួលគោលនយោបាយសេដ្ឋកិច្ច ក្នុងន័យរួមគ្នាគាំពារបរិយាកាស ពាណិជ្ជកម្ម និងវិនិយោគដែលប្រកបដោយភាពបើកទូលាយនិងយុត្តិធម៌។

ក្រៅពីនេះ ភាគីទាំងពីរចិន និងជប៉ុនគួរតែអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីគាំពារការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។ ដូចពាក្យសំដី របស់លោក Kumiko Haba សាស្ត្រាចារ្យរបស់សកលវិទ្យាល័យ Aoyama Gakuin ដែលបានលើកឡើងនាពេលថ្មីៗកន្លងទៅនេះថាប្រទេសអាស៊ីមិនត្រូវធ្លាក់ក្នុងអន្ទាក់ របស់អាមេរិកនោះទេ ជប៉ុនគួរតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ី។

សូមបញ្ជាក់ថា ឆ្នាំក្រោយជាខួបទី ៥០នៃការស្តារទំនាក់ទំនងការទូតរវាងចិន និងជប៉ុនឱ្យមានភាពប្រក្រតីឡើងវិញ ពេលជួបពិភាក្សាតាមរយៈទូរស័ព្ទ អ្នកដឹកនាំនៃប្រទេស ទាំងពីរសុទ្ធតែគូសបញ្ជាក់ថា ត្រូវចាត់ទុកឆ្នាំក្រោយជាកាលានុវត្តភាព ក្នុងន័យត្រួសត្រាយអនាគតអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Xi Jinping បានគូសបញ្ជាក់ទៀតថា គួរ «រំលឹកឡើងវិញនូវគោលបំណងដើម និងដើរទៅកាន់ទិសដៅតែមួយ»។ គោលបំណងដើមគឺអ្វី? លោក Fumio Kisida នាយករដ្ឋមន្ត្រីជប៉ុន ដែលធ្លាប់កាន់មុខតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុនគឺដឹងច្បាស់ណាស់។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថាក្នុងកិច្ចជំនួបតាមរយៈទូរស័ព្ទ លោក Fumio Kisida បានថ្លែងថាភាគីទាំងពីរជប៉ុននិងចិនគួរតែគ្រប់គ្រងការខ្វែងគំនិតតាមរយៈ កិច្ចសន្ទនា។ នៅថ្ងៃដដែល ពេលថ្លែងសុន្ទរកថាស្តីពីអភិបាលកិច្ចជាលើកដំបូង លោកក៏បានប្រកាសថា នឹងបន្តធ្វើកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។ អ្នកផងទាំងពួងរំពឹងថា ជប៉ុនមិនមែនបង្ហាញចិត្តស្មោះតាមតែមាត់នោះទេតែគឺត្រូវបង្ហាញពីចិត្តស្មោះក្នុង ការអនុវត្តជាក់ស្តែង។ ប្រការនេះមិនត្រឹមតែសមស្របនឹងផលប្រយោជន៍មូលដ្ឋាននៃប្រជាជននិងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពរបស់អាស៊ី រហូតដល់ពិភពលោកផងដែរ៕