(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៩,២៨៨នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០០៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៩៩៩,០២៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៨,៧៩៧នាក់ និងជាសះស្បើយឡើងសរុប ៣៧.០១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានប្រកាសគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការ COVID-19 «Pfizer-BioNTech» ឲ្យដល់ក្មេងៗស្ថិតក្នុងក្រុមអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ ប្រមាណ ២៨លាននាក់ ដែលប្រការនេះ អាចនាំឲ្យយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ផ្តើមឆាប់បំផុតនៅថ្ងៃពុធសប្តាហ៍នេះតែម្តង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤២៣លានដូស ក្នុងនោះប្រជាជន ២២១.៧៦លាននាក់ (៦៧.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២.៤៥លាននាក់ (៥៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕