(ស៉ីដនី)៖ ប៉ូលិសអូស្រ្តាលីនៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា ក្មេងស្រីជនជាតិអូស្រ្តាលីម្នាក់អាយុ ០៤ឆ្នាំត្រូវបានគេរកឃើញថា «នៅរស់រានមានជីវិត និងមានសុខភាពល្អធម្មតា» បន្ទាប់ពីនាងបានបាត់ខ្លួនអស់ជាង ០២សប្តាហ៍មកហើយ អំឡុងពេលធ្វើដំណើរកម្សាន្ត បោះជំរុំជាមួយក្រុមគ្រួសារ ហើយកន្លងមកនេះអាជ្ញាធរធ្លាប់បានប្រកាសថា នឹងផ្តល់រង្វាន់ ១លានដុល្លារអូស្ត្រាលី (៧៤០,០០០ដុល្លារអាមេរិក) សម្រាប់ការផ្តល់ព័ត៌មាន ដែលអាចស្វែងរកក្មេងស្រីនេះឃើញវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមប៉ូលិសរដ្ឋ អូស្ត្រាលីខាងលិច (Western Australia) ក្មេងស្រីរូបនេះ មានឈ្មោះថា គ្លីអូ ស្មីតស៍ (Cleo Smith) ត្រូវបានគេរកឃើញ បន្ទាប់ពីប៉ូលិសបានសម្រុកចូលទៅក្នុងផ្ទះចាក់សោរមួយ ដែលស្ថិតនៅក្នុងទីក្រុងឆ្នេរសមុទ្រ ខាណាវ៉ុន (Carnarvon) ដែលមិនឆ្ងាយប៉ុន្មានពីកន្លែងដែលនាង ត្រូវបានប្រទះឃើញចុងក្រោយបង្អស់កាលពី ១៨ថ្ងៃមុន។
ស្នងការរងប៉ូលិសក្នុងតំបន់ លោក ខូល ប្លាញ់ (Col Blanch) បានថ្លែង តាមរយៈសារបង្ហោះលើបណ្ដាញសង្គម Facebook ថា មន្រ្តីប៉ូលិសម្នាក់ បានឱបក្មេងស្រីខាងលើនេះនៅក្នុងដៃ ហើយសួរឈ្មោះនាង, រួចនាងតូចក៏បានឆ្លើយតបវិញថា «ខ្ញុំឈ្មោះ Cleo»។
លោក Col Blanch បាននិយាយបន្ថែមថា ប៉ូលិសក៏បានឃាត់ខ្លួនបុរសម្នាក់ ដែលមានអាយុ ៣៦ឆ្នាំ ដែលត្រូវបានគេប្រទះឃើញនៅទីនោះ ដើម្បីសាកសួរចម្លើយផងដែរ បន្ទាប់ពីបានសម្រុកចូលទៅក្នុងផ្ទះដែលចាក់សោនោះ នៅវេលាម៉ោងប្រហែល ០១៖០០រំលងអធ្រាត្រ (ម៉ោងក្នុងស្រុក) ឈានចូលថ្ងៃពុធនេះ។
គួរបញ្ជាក់ថា កុមារី Cleo Smith បានមកជួបជុំជាមួយឪពុកម្ដាយវិញហើយ។ ការជួបជុំគ្នានេះ បានកើតឡើងបន្ទាប់ពីការស្វែងរកអស់រយៈពេលជាច្រើនថ្ងៃ ទាំងតាមផ្លូវអាកាស សមុទ្រ និងលើដីយ៉ាងទូលំទូលាយ។ មិនមានព័ត៌មានលម្អិតបន្ថែមទៀត អំពីស្ថានការណ៍ដែលបានកើតមានឡើងជាក់លាក់ អំពីការបាត់ខ្លួនរបស់នាងតូចរូបនេះឡើយ។ ប៉ុន្តែលោក Col Blanch បានបញ្ជាក់ថា នឹងមានព័ត៌មានបន្ថែមអំពីការស៊ើបអង្កេត នាពេលខាងមុខនេះ៕