(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នៅថ្ងៃពុធនេះ បានស្វាគមន៍ការធ្វើដំណើរទស្សនកិច្ចជាលើកដំបូង របស់ប្រតិភូសភាអឺរ៉ុបមកកាន់ដែនកោះរបស់ខ្លួន ដោយចាត់ទុកថាដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់បំផុត និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងអឺរ៉ុប និងតៃវ៉ាន់ ចំពោះមុខភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលកំពុងពុះកញ្ជ្រោល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់បានសង្កត់ធ្ងន់ដូច្នេះថា «នេះជាការធ្វើដំណើរទស្សនកិច្ចផ្លូវការ ជាប្រវត្តិសាស្ត្រលើកដំបូងបំផុត នៃក្រុមប្រតិភូសភាអឺរ៉ុបមកកាន់កោះតៃវ៉ាន់ ដែលមានសារៈសំខាន់ជាទីបំផុត»។ ក្រសួងការបរទេសតៃវ៉ាន់បានបន្ថែមទៀតថា ក្រុមប្រតិភូសភាអឺរ៉ុប ដឹកនាំដោយសមាជិកសភាអឺរ៉ុបលោក រ៉ាហ្វាអ៊ែល ក្លាក់ស៍មែន (Raphael Glucksmann) ហើយភាគីទាំង ២ នឹងពិភាក្សាគ្នាពីការគំរាមកំហែងនានា ក្នុងនោះរួមមានព័ត៌មានក្លែងក្លាយ និងការវាយប្រហារព័ត៌មានវិទ្យាជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់ក្រុមប្រតិភូសភាអឺរ៉ុប ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសភាអឺរ៉ុប ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងការលូកលាន់ពីបរទេស។ ប៉ុន្តែ ដំណើរទស្សនកិច្ចបែបនេះត្រូវគេរំពឹងថា នឹងបង្កឱ្យចិនផ្ទុះកំហឹង និងថ្កោលទោសមិនខាន ព្រោះកោះតៃវ៉ាន់ត្រូវបានចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ៕