(ហុងកុង)៖ តុលាការនៅទីក្រុងហុងកុង នាថ្ងៃពុធនេះ បានចេញសេចក្តីសម្រេចថា អតីតមេដឹកនាំនៃក្រុមចលនាគាំទ្រឯករាជ្យហុងកុង ហៅថា Studentlocalism ត្រូវបានរកឃើញថា ពិតជាមានទោសពីបទព្យាយាមបំបែករដ្ឋ នៅក្រោមច្បាប់សន្តិសុខជាតិរបស់ទីក្រុងចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក តូនី ជុង (Tony Chung) អាយុ២០ឆ្នាំ ដែលជាអតីតមេដឹកនាំនៃក្រុមចលនាខាងលើ ត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន នៅក្រោមច្បាប់សន្តិសុខជាតិ កាលពីខែតុលា ឆ្នាំ២០២០។ យោងតាមចៅក្រមរបស់តុលាការ ការផ្តន្ទាទោសលោក Chung នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
គួរបញ្ជាក់ថា ដូចក្រុមចលនាប្រឆាំងរដ្ឋាភិបាលដទៃទៀត នៅទីក្រុងហុងកុងដែរ ក្រុម Studentlocalism ត្រូវបានរំសាយចោល មុនពេលទីក្រុងប៉េកាំងអនុម័តច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងនេះ កាលពីខែមិថុនា ឆ្នាំ២០២០ ដើម្បីបង្រ្កាបនូវទង្វើដែលខ្លួនចាត់ទុកថា ជាការប្រឆាំងរដ្ឋអំណាច ការព្យាយាមបំបែករដ្ឋ ការញុះញង់ឲ្យបះបោរ អំពើភេរវកម្ម និងការគប់គិត ជាមួយកម្លាំងបរទេសជាដើម៕