(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,០៦២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។
អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិសម្រាប់មន្ទីរពិសោធន៍ និងសិក្សាពីជំងឺឆ្លងរាតត្បាតចំណុះឲ្យក្រសួងសុខាភិបាលឡាវ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១,០៥៣ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ០៩ករណីទៀត ជាករណីនាំចូល។ ក្រៅពីនេះ អ្នកជំងឺចំនួន ០៣នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ឡាវមានករណីឆ្លងជំងឺ COVID-19 សរុបនៅទាំងប្រទេសចំនួន ៤២,៨៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៧៣នាក់៕