(វ៉ាស៊ីនតោន)៖ រថយន្តប្រភេទ SUV ពណ៌ក្រហមមួយគ្រឿង បានបើកឆ្លងកាត់ក្បួនដង្ហែបុណ្យណូអែល ដែលមានមនុស្សកកកុញក្នុងល្បឿនយ៉ាងលឿន នៅទីក្រុង វ៉ូគីសា (Waukesha) ក្នុងរដ្ឋ វីស្កុនស៊ីន (Wisconsin) សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ២០នាក់ រងរបួស និងមនុស្សមួយចំនួនបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ ប៉ុន្តែមន្រ្តីប៉ូលិសបាននិយាយថា ចំនួនពិតប្រាកដ មិនទាន់ច្បាស់ នៅឡើយទេនៅពេលនេះ ខណៈមនុស្សពេញវ័យចំនួន ១១នាក់ និងកុមារចំនួន ១២នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ចំនួន០៦ផងដែរ។

គួរបញ្ជាក់ថា បើតាមលោក Dan Thompson អគ្គមេបញ្ជាការប៉ូលិសទីក្រុង Waukesha រថយន្តបង្កហេតុខាងលើត្រូវបានឃាត់ទុកហើយ រីឯបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុនោះ ក៏កំពុងស្ថិតក្រោមការឃុំខ្លួនដែរ។ ប៉ុន្តែ គេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាតើឧបទ្ទវហេតុនេះ ជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្ម ឬយ៉ាងណានោះទេ៕