(ចូហាន់នីសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរឹល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាដាក់ចេញ «កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19» ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron ដែលអាចនឹងបង្កទៅជារលកឆ្លងថ្មីជាលើកទី ៤ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជនអាហ្រិ្វកខាងត្បូង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ លោក Ramaphosa បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងពិចារណាជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការដាក់ចេញនូវកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយមានតែអ្នកបានចាក់វ៉ាក់សាំងពេញលេញទេ ដែលអាចចូលទៅកាន់កន្លែងធ្វើការ, ទីសាធារណៈ ឬសេវាធ្វើដំណើររបស់រដ្ឋ»

លោកប្រធានាធិបតីរូបនេះបានបន្ថែមថា «ប្រសិនបើអាហ្វ្រិកខាងត្បូង មិនពិចារណាជ្រើសយកជម្រើសកាតព្វកិច្ចចាក់វ៉ាក់សាំងទេ នោះប្រទេសនេះនឹងនៅតែបន្តងាយរងគ្រោះ ដោយសារវីរុសបំប្លែងថ្មី និងបន្តឈឺចាប់ដោយសាររលកឆ្លងថ្មីៗទៀត»

គួរបញ្ជាក់ថា បើតាមលោក Cyril Ramaphosa វិធានការរឹតត្បិត ឬបិទខ្ទប់លើសកម្មភាពឧស្សាហកម្មភាគច្រើន នៅក្នុងប្រទេសអាហ្វិ្រកខាងត្បូង មិនទាន់ស្ថិតនៅ ក្រោមការពិចារណាឡើយក្នុងពេលនេះ ខណៈមកទល់បច្ចុប្បន្ន ប្រជាជនអាហ្វ្រិកខាងត្បូងត្រឹមតែ ១ ភាគ ៣ ប៉ុណ្ណោះ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ៕