(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្ហាញពីសារៈសំខាន់នៃតំបន់មួយនេះ សម្រាប់យុទ្ធសាស្ត្រអាមេរិក ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន និងពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

បើតាមឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ដាញែល គ្រីធិនប្រីង (Daniel Kritenbrink), លោក Antony Blinken នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ ហើយលោកគ្រោងនឹងថ្លែងសុន្ទរកថាសំខាន់ៗនៅទីនោះ ពាក់ព័ន្ធនឹងសកម្មភាពរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង, ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការបើកចំហសេរីភាពក្នុងការធ្វើនាវាចរ នៅក្នុងដែនទឹកអន្តរជាតិជាដើម។

លោក Kritenbrink បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា «ជំនួបរបស់លោករដ្ឋមន្ត្រីការបរទេស (Antony Blinken) នឹងផ្តោតសំខាន់លើការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ឆ្លើយតបទៅនឹងសកម្មភាពសម្លុតគំរាមរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពឯកតោភាគីរបស់ចិន ក្នុងតំបន់ទន្លេមេគង្គ»

គួរបញ្ជាក់ថា មុននឹងបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍, លោក Antony Blinken នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំ G7 នៅថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ នៅឯទីក្រុង លីវើភូល (Liverpool) ចក្រភពអង់គ្លេស ដោយផ្តោតសំខាន់លើភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន៕