(វ៉ាស៊ីនតោន)៖ ប្រមុខយោធាអាមេរិក និងអ៉ីស្រាអែល ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បី ពិភាក្សាពីលទ្ធភាពរៀបចំការធ្វើសមយុទ្ធយោធាហាត់សម កម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងករណីមានសេណារីយ៉ូអាក្រក់កើតឡើង ឬក៏កិច្ចចរចាតាមផ្លូវការទូតទទួលបរាជ័យ ឬក៏មេដឹកនាំនៃប្រទេសទាំង២ ចេញបញ្ជាណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតកិច្ចប្រជុំ ខាងលើ អាចនឹងធ្វើឡើង កំឡុងការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Benny Gantz មកកាន់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែ ទាំងខាងស្ថានទូតអ៉ីស្រាអែល ប្រចាំទីក្រុងវ៉ាស៊ីនតោន និងបេសកកម្មការទូតអ៉ីរ៉ង់ប្រចាំ UN មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

ការរាយការណ៍ពីជំនួបនេះដែរ កើតមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានធ្វើការពន្យល់ខ្លីៗកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ទៅកាន់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ស្ដីពីជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន, កិច្ចចរចាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ មិនទាន់រកឃើញ ច្រកចេញនៅឡើយទេ ខណៈអ៉ីរ៉ង់នៅតែបន្តបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយសហរដ្ឋអាមេរិកកាន់តែបន្ថែមការដាក់សម្ពាធលើអ៉ីរ៉ង់ តាមរយៈ ទណ្ឌកម្មសេដ្ឋកិច្ច៕