(ប៉េកាំង)៖ «សហរដ្ឋអាមេរិកគឺជាប្រទេស ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី តែមិនមែនជាប្រទេសប្រជាធិបតេយ្យមួយនោះទេ»។ ពេលថ្មីៗកន្លងទៅនេះ លោក Kishore Mahbubani បញ្ញវន្តសិង្ហបុរីបានវាយតម្លៃដូចពោលខាងលើ ពេលផ្តល់បទសម្ភាសន៍។ តាមការពិត នៅសហរដ្ឋអាមេរិក «ប្រជាធិបតេយ្យ» បម្រើមហាសេដ្ឋី និងលុយកាក់បានគ្រប់គ្រងលើអំណាច វាលែងជាការសម្ងាត់ទៀតនោះទេ។

ការពិតជាច្រើនបានបង្ហាញថា លុយកាក់ជាប្រភពធនធានរបស់នយោបាយអាមេរិក ដែលបានផ្សារភ្ជាប់ជាមួយការបោះឆ្នោត នីតិប្បញ្ញត្តិនិងការអនុវត្តគោលនយោបាយ។ ៩១ភាគរយនៃការបោះឆ្នោតជ្រើសរើសរដ្ឋសភាអាមេរិក ភាគច្រើនសុទ្ធតែជាបេក្ខជនឈរឈ្មោះ ដែលទទួលបានការគាំទ្រផ្នែកមូលធនច្រើនបំផុត បានជាប់ឆ្នោត។ ប្រជាធិបតេយ្យបែបអាមេរិកគឺជា «ល្បែងរបស់អ្នកមាន» ដែលបង្កើតឡើងលើមូលដ្ឋានប្រាក់ទុន។ ពេលអ្នកនយោបាយអាមេរិក លូននៅក្រោមជើងមាសប្រាក់ នោះអំណាចរបស់ពួកគេ មុខជានឹងបម្រើដល់អ្នកមានភាគតិច ដែលមានមូលធនជាក់ជាមិនខាន ហើយសំណូមពរ និងផលប្រយោជន៍របស់ប្រជាជនសាមញ្ញដ៏ច្រើនរាប់មិនអស់ បែរជាត្រូវគេដាក់ទៅម្ខាង។

នៅឆ្នាំ២០២០ របាយការណ៍មួយដែលសំដៅចំពោះប្រទេសចំនួន ១៦៣ បានបង្ហាញឱ្យដឹងថា ក្នុងចំណោម «សន្ទស្សន៍អភិវឌ្ឍន៍សង្គម» ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ ត្រឹមតែប្រទេសចំនួនបី ដែលរួមមានសហរដ្ឋអាមេរិកផងនោះ បានមានសភាពធ្លាក់ចុះ ហើយសន្ទស្សន៍ទូទៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះច្រើនបំផុត។ សូម្បីតែមនុស្សវណ្ណៈកណ្តាលដែលត្រូវចាត់ទុកជា សសរទ្រូងរបស់សហរដ្ឋអាមេរិកនោះ ក៏ជួបការលំបាកកាន់តែច្រើនឡើងៗផងដែរ មិនត្រឹមតែសមាមាត្រកាន់តែតូចទៅៗប៉ុណ្ណោះទេ ថែមទាំង «ទ្រព្យសម្បត្តិក្នុងគ្រួសារអាមេរិក ក៏មិនបានកើនឡើងក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមកទៀតផង»

គោលបំណងដើមនៃប្រជាធិបតេយ្យគឺ «អធិបតេយ្យភាពស្ថិតនៅលើប្រជាជន» ហើយធ្វើឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែឋិតនៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយអាមេរិក ដែលបម្រើតែផលប្រយោជន៍លុយកាក់នោះ «ប្រជាធិបតេយ្យបែបអាមេរិក» ក៏ប្រៀបដូចជាទិដ្ឋភាពក្នុងភាពយន្ត Hollywood ដែលបានរៀបចំដោយចេតនា ពោលគឺ ប្រជាជនធម្មតាត្រូវបានចាត់ទុកជា «អ្នកសម្តែងទូទៅ» អ្នកនយោបាយទាំងអស់ស្រែកក្ដែងៗ អំពីប្រជាជននៅមុខឆាក តែបែរជាប្រព្រឹត្តការជួញដូរអំណាច និងលុយនៅពីក្រោយឆាកទៅវិញ ដើម្បីបម្រើ «មនុស្សភាគតិច»

អ្នកផងទាំងពួងមានហេតុផលចោទសួរថា តើសហរដ្ឋអាមេរិកនៅតែមានលក្ខណៈសម្បត្តិពាក់អាវ «ប្រជាធិបតេយ្យ» ទេ?តើអាមេរិកនៅមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាគំរូសំរាប់ប្រទេសនានាលើពិភពលោកទៀតឬទេ?ហើយ ទស្សនាវដ្តី «The New Yorker» របស់អាមេរិកទ្រាំមិនបានក៏សួរត្រង់ៗថា តើប្រជាធិបតេយ្យរបស់យើងអាចបន្តទៅទៀតទេ?

ក្នុងរយៈពេលជាង ១០០ឆ្នាំមុន លោក Louis D.Brandeis ចៅក្រមតុលាការកំពូលរបស់អាមេរិកធ្លាប់និយាយថា «ប្រទេសនេះនឹងមានប្រជាធិបតេយ្យ ឬក៏ទ្រព្យសម្បត្តិត្រូវប្រមូលផ្តុំក្នុងកណ្តាប់ដៃមនុស្សភាគតិច ប្រការទាំងពីរនេះរើសយកបានតែមួយទេ»។ ខណៈពេលនយោបាយលុយកាក់បានក្លាយជា «ដុំសាច់មហារីក» ដែលពិបាកកំចាត់ចោលនៅក្នុងសង្គមអាមេរិក រដ្ឋាភិបាលអាមេរិកបែរជាមានភាពក្លាហានរៀបចំអ្វីដែលហៅថា «កិច្ចប្រជុំកំពូលអំពីប្រជាធិបតេយ្យ» វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់!៕ (#CCFR Comment#)