(ម៉ូស្គូ)៖ ប្រភពពីយោធារុស្ស៊ីបានគូសបញ្ជាក់ នៅក្នុងថ្ងៃសៅរ៍នេះថា កងទ័ពរបស់ខ្លួនសរុបជាង ១០,០០០នាក់បានចល័តចូលក្នុង មូលដ្ឋានទ័ពអចិន្ត្រៃយ៍វិញហើយ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធ អស់រយៈពេល ១ខែ នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលបានឲ្យដឹងទៀតថា សមយុទ្ធយោធាកន្លងមកនេះ ត្រូវបានធ្វើឡើងនៅតាមតំបន់មួយចំនួន នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងឧបទ្វីប គ្រីមៀ (Crimea) ដែលរុស្ស៊ីបានចូលទៅកាន់កាប់ ចាប់តាំពីឆ្នាំ ២០១៤ ក៏ដូចជាតំបន់ រ៉ូស្តូវ (Rostov) និង គូបាន (Kuban) ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៉ីជាដើម។

គួរបញ្ជាក់ថា ដោយសារតែការដាក់ពង្រាយទ័ព និងសព្វាវុធដោយរុស្ស៊ីខាងលើនេះហើយ ទើបបានបណ្តាលឲ្យបណ្តាប្រទេសលោកខាងលិចដូចជា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប ព្រមទាំងអ៊ុយក្រែនផងដែរ ចោទប្រកាន់ទីក្រុងម៉ូស្គូម្តងជាពីរដងថា មានផែនការវាយប្រហារលើអ៊ុយក្រែន បើទោះបីជារុស្ស៊ីបានអះអាងតបវិញជារឿយៗថា មិនមែនជាការពិតក៏ដោយ។

កន្លងមកនេះ ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួនត្រូវការឲ្យលោកខាងលិច រក្សាពាក្យសន្យាពាក់ព័ន្ធនឹងអង្គការ NATO ដោយមិនត្រូវអនុញ្ញាតឲ្យប្រទេស ជាប់ព្រំដែនរុស្ស៊ីបន្ថែមទៀត ចូលជាសមាជិកអង្គការសន្តិសុខមួយនេះជាដាច់ខាត។ រុស្ស៊ីថែមទាំងបានលើកឡើងទៀតថា ការដាក់ពង្រាយទ័ព និងសព្វាវុធនៅលើទឹកដីរបស់ខ្លួន គឺជាទង្វើសមហេតុផល ដើម្បីការពារសន្តិសុខជាតិ៕