(ឡុងដ៏)៖ ចក្រភពអង់គ្លេស និងប្រទេសអ៉ីស្រាអែល កំពុងតាមដាន និងធ្វើការកែសម្រួលឡើងវិញនូវគោលនយោបាយធ្វើតេស្ដរក COVID-19 របស់ខ្លួន ខណៈស្វះស្វែងកាត់បន្ថយបន្ទុកពីមន្ទីរពិសោធន៍ នៅចំពោះមុខការកើនឡើងករណីឆ្លងប្រចំាថ្ងៃយ៉ាងគំហុក បង្កឡើងដោយមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថាប្រជាជននៅក្នុងប្រទេសអង់គ្លេសដែលតេស្ដ វិជ្ជមាន COVID-19 នៅលើឧបករណ៍ធ្វើតេស្ដរហ័ស (LFD) នឹងមិនចាំបាច់ឆ្លងកាត់ការបញ្ជាក់លទ្ធផលតេស្ដ តាមឧបករណ៍តេស្ដ PCR នោះទេ ក្នុងករណីដែលពួកគេ ឆ្លងមិនចេញរោគសញ្ញា ឬមានរោគសញ្ញាស្រាល។

ដោយឡែក នៅក្នុងប្រទេសអ៉ីស្រាអែល, អាជ្ញាធរសុខាភិបាលក៏បានកំណត់ឡើងវិញផងដែរថាការធ្វើតេស្ដតាមឧបករណ៍តេស្ដ PCR នឹងត្រូវធ្វើឡើងចំពោះតែមនុស្ស មានអាយុ ៦០ឆ្នាំឡើងទៅ ឬអ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយតែប៉ុណ្ណោះ ខណៈអ្នកដែលមានហានិភ័យទាបនឹងត្រូវទទួលការធ្វើតេស្ដដោយឧបករណ៍ធ្វើតេស្ដរហ័ស។

គួរបញ្ជាក់ថា ឧបករណ៍តេស្ដ PCR ត្រូវដំណើរការនៅឯមន្ទីរពិសោធន៍ និងត្រូវបានប្រើប្រាស់ដើម្បីកំណត់ប្រភេទមេរោគបំប្លែងថ្មីដែលមនុស្សម្នាក់បានឆ្លង រីឯ ឧបករណ៍ធ្វើតេស្ដរហ័ស (LFD) ត្រូវបានប្រើនៅផ្ទះ ឬការធ្វើតេស្ដធម្មតាដោយខ្លួនឯង៕