(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ (Oleksiy Reznikov) នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាអ៊ុយក្រែនចាប់ផ្ដើម ទទួលបានមីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) ពីប្រទេសដាណឺម៉ាក និងកាំភ្លើងធំ ហាវវីតស័រ (howitzers) ពីសហរដ្ឋអាមេរិក ហើយដែលអាវុធទាំងនេះនឹងជួយពង្រឹងសមត្ថភាពទប់ទល់នឹងកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះនៅលើ Facebook លោក រ៉េសនីកូវ បានគូសបញ្ជាក់ដូច្នេះថា «សមត្ថភាពការពារតំបន់ឆ្នេររបស់យើង នឹងមិនគ្រាន់តែ ត្រូវបានពង្រឹងដោយមីស៊ីល Harpoon ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងត្រូវបានប្រើប្រាស់នៅក្នុងការបណ្ដុះបណ្ដាលយោធាអ៊ុយក្រែនផងដែរ»។ ប៉ុន្តែ ក្នុងថ្ងៃជាមួយគ្នានេះដែរ រុស្ស៉ីបានអះអាងថាទីក្រុងលីម៉ាន (Lyman) ស្ថិតនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានធ្លាក់ចូល កណ្ដាប់ដៃទាហានរុស្ស៉ី និងក្រុមឧទ្ទាមផ្ដាច់ទឹកដីគាំទ្រដោយមូស្គូ ទាំងស្រុងហើយ។

គួរបញ្ជាក់ថា បើតាមលោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon នឹងត្រូវដាក់ធ្វើឱ្យប្រតិបតិ្តការរួមគ្នាជាមួយ មីស៊ីលណិបទូន (Neptune) ដើម្បីពង្រឹងសមត្ថភាពការពារតំបន់ឆ្នេរ ក្នុងនោះរួមមានទាំងទីក្រុងកំពង់ផែអូដេសា នៃភាគខាងត្បូងប្រទេស ខណៈអ៊ុយក្រែនក៏ទទួលបានកាំភ្លើងធំ ហាវវីតស័រ (howitzers) ពីសហរដ្ឋអាមេរិកផងដែរ។