(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឱ្យដឹងថា ខ្លួនទទួលបានដំណឹងអំពីសេចក្តីរាយការណ៍ ដែលថាអ្នកប្រយុទ្ធជនជាតិអាមេរិក៣នាក់ បានបាត់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
យោងតាមសេចក្តីរាយការណ៍ក្នុងសប្តាហ៍នេះ អតីតយុទ្ធជនអាមេរិក២នាក់ ឈ្មោះ អេនឌី តៃ ហ្កុក ហ៊ុយ (Andy Tai Ngoc Huynh) អាយុ២៧ឆ្នាំ និងលោក អាឡិចសាន់ដឺ ឌ្រូកេ (Alexander Drueke) អាយ៣៩ឆ្នាំ ត្រូវបានគេចាប់ខ្លួនជាឈ្លើយសឹក បន្ទាប់ពីពួកគេបានធ្វើដំណើរទៅចូលរួម ក្នុងក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ត ដើម្បីជួយអ៊ុយក្រែនប្រឆាំងតទល់ជាមួយរុស្ស៉ី។ ចំណែកជនជាតិអាមេរិក ១នាក់ទៀត ដែលបានធ្វើដំណើរទៅអ៊ុយក្រែន ក្រោមគោលដៅដូចគ្នា ក៏ត្រូវគេរាយការណ៍ថា បាត់ខ្លួនផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ អ្នកប្រយុទ្ធបរទេស៣នាក់ ត្រូវបានតុលាការនៃតំបន់ផ្តាច់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ផ្តន្ទាទោសប្រហារជីវិត ដោយក្នុងនោះ២នាក់ ជាជនជាតិអង់គ្លេស និង១នាក់ ជាជនជាតិម៉ារ៉ុក៕