(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានបញ្ចេញសញ្ញាខុសឆ្គងជាញឹកញាប់ដោយអះអាងថា អាមេរិកកំពុងពិភាក្សាអំពី ការលុបចោលគោលនយោបាយយកពន្ធគយខ្ពស់មួយចំនួនទៅលើផលិតផលចិនដែលបានដាក់ចេញដោយរដ្ឋាភិបាលអាណតិ្តមុនដើម្បីបន្ធូរបន្ថយកម្លាំង សម្ពាធខាងអតិផរណាដែលបានបំបែកកំណត់ត្រាថ្មីជាច្រើនលើកច្រើនសារ។
ប្រព័ន្ធសារព័ត៌មានជាច្រើនបានដកស្រង់ពាក្យសម្តីរបស់ឥស្សរជនអ្នកដឹងប្រភពព័ត៌មានថា រដ្ឋអំណាចលោក ចូ បៃដិន ប្រហែលនឹងលុបចោលពន្ធគយ «បន្តិចបន្តួច»។ តើពន្ធគយ «បន្តិចបន្តួច» នេះដល់កម្រិតយ៉ាងណា? ពោលគឺ ១ ម៉ឺនលានដុល្លារអាមេរិកប្រហែលត្រូវជា ២,៧ភាគរយនៃផលិតផលចិនដែល ត្រូវហូតពន្ធខ្ពស់ក្នុងតម្លៃសរុប ៣៧០ពាន់លានដុល្លារអាមេរិក។
នៅសហរដ្ឋអាមេរិកដោយសារអ្នកនយោបាយមួយចំនួនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងខ្លាំង និងការរឹតត្បិតគ្នាទៅវិញទៅមកនៃក្រុមផលប្រយោជន៍ ខុសៗគ្នា បានជារឿងជាច្រើនគឺ ប្រហែលគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះ វាមិនអាចទទួលបានលទ្ធផលអ្វីនៅទីបំផុតឡើយ។ ដោយឡែកលើកនេះ គ្រាន់តែជា សម្តែងឆាកល្ខោនជាថ្មីឡើងវិញប៉ុណ្ណោះ។ តាមពិតទៅ អ្នកផងទាំងពួងបានឃើញច្បាស់នូវការពិតពីរចំណុច ពោលគឺ៖ទីមួយ អ្នកនយោបាយអាមេរិក ដាច់ខាតមិនអាចទទួលរងការខាតបង់ខាងនយោបាយផ្ទាល់ខ្លួនដើម្បីគាំពារផលប្រយោជន៍ជាតិរបស់អាមេរិក ស្តាប់ និងដោះស្រាយនូវសំណូមពររបស់ សហគ្រាសនិងប្រជាជននោះទេ នៅចុងបំផុត អ្វីៗទាំងអស់សុទ្ធតែសម្រេចដោយ «សន្លឹកឆ្នោត»។
ទីពីរ ក្នុងបញ្ហាលុបចោលគោលនយោបាយយកពន្ធលើផលិតផលចិន រដ្ឋាភិបាលអាមេរិកបានអូសបន្លាយកាន់តែយូរ ក៏នឹងបណ្តាលឱ្យសេដ្ឋកិច្ចអាមេរិក ខាតបង់កាន់តែច្រើន។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ការពិតជាក់ស្តែង និងទិន្នន័យដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថាសង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិកបំផុសសំដៅចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុង។ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៨ ដល់ខែមេសាឆ្នាំនេះ សង្រ្គាមពាណិជ្ជកម្មដែលអាមេរិក បំផុសសំដៅចំពោះប្រទេសចិនបានបណ្តាលឱ្យជនជាតិអាមេរិករងការខាតបង់ប្រាក់ចំនួន ១២៩ពាន់លានដុល្លារអាមេរិកទៀត។
លោក Alex Durante សេដ្ឋវិទូនៃធនាគារគំនិតសម្រាប់សិក្សាស្រាវជ្រាវពីគោលនយោបាយពន្ធដារ របស់អាមេរិកបានចេញផ្សាយអត្ថបទនាពេលថ្មីៗ កន្លងទៅនេះថា ពន្ធគយដែលដំឡើងទៅលើផលិតផលចិន វាស្ទើរតែទទួលរងដោយសហគ្រាសនិងអ្នកប្រើប្រាស់នៃអាមេរិកទាំងស្រុង តែមិនមែនជាសហគ្រាស ចិនតាមផែនការដំបូង។ បំណាច់ជាបែបនេះ ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកតែងតែមានការស្ទាក់ស្ទើរមិនដាច់ស្រេច ? កត្តាសំខាន់បំផុត គឺ «សន្លឹកឆ្នោត»។ ឥស្សរជនអ្នកដឹងប្រភពព័ត៌មានបានបង្ហើបថា មួយផ្នែក លោក ចូ បៃដិន គ្រោងនឹងលុបចោលគោលនយោបាយយកពន្ធគយ «បន្តិចបន្តួច» លើផលិតផលចិន មួយផែ្នកទៀត លោកមានបំណងចង់បង្កើនការត្រួតពិនិត្យចំពោះពន្ធគយក្នុងវិស័យសំខាន់ៗ ដូចជា វត្ថុពាក់កណ្ដាលចម្លងជាដើម ក្នុងន័យទទួលបានអ្វីដែលហៅថា «តុល្យភាព»។
ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត អ្នកនយោបាយអាមេរិកជ្រើសរើសការបោះបង់ចោលផលប្រយោជន៍របស់ប្រជាជន សាមញ្ញដែលបាន និងកំពុងធ្លាក់ ក្នុងភាពលំបាកដោយសារការឡើងថ្លៃនៃថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារ។ ដូច្នេះ ធាតុពិតនៃអ្វីដែលហៅថា «សហរដ្ឋអាមេរិកជាអាទិភាព» តាមពិតទៅ បើនិយាយកាន់តែត្រឹមត្រូវទៅគឺថា «សន្លឹកឆ្នោតសំខាន់ជាងប្រជាជន»។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរនៅទូទាំងពិភពលោក បើសិនជាចិន និងអាមេរិក «មានទំនាក់ទំនងល្អនឹងអាចផ្តល់ផលប្រយោជន៍ដល់គ្នា» ទៅវិញទៅមក តែបើសិនជាធ្វើបដិបក្ខគ្នាក៏នឹងមានផលប៉ះពាល់ទាំងសងខាង «នេះគឺជាការពិតជាក់ស្តែងដែលត្រូវបញ្ជាក់ម្តងហើយម្តងទៀត»។ ប្រឈមនឹង សហរដ្ឋអាមេរិកដែលមានការការស្ទាក់ស្ទើរមិនដាច់ស្រេចលើបញ្ហាពន្ធគយ ប្រទេសចិនក៏បានបង្ហាញឱ្យឃើញនូវអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា មានតែលុបចោលគោលនយោបាយដំឡើងពន្ធគយទាំងអស់ទៅលើផលិតផលចិន ទើបអាចមានអំណោយផលដល់ប្រទេសទាំងពីរ ចិននិងអាមេរិក ក៏ដូចជាមានអំណោយផលដល់ពិភពលោកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជា-ចិន