(សេអ៊ូល)៖ ការឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងលើសពីចំនួន ៤០,០០០ ជាលើកដំបូង គិតក្នុងរយៈពេល២ខែកន្លងមកនេះ ហើយរដ្ឋាភិបាលបានព្រមានថា អត្រាឆ្លងរាលដាលអាចកើនខ្លាំងជាងនេះរហូតដល់៥ដង ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
ផ្អែកលើទស្សនៈរបស់ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) ក៏ដូចជាក្រុមអ្នកជំនាញ, នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ដុកស៊ូ (Han Duck-soo) បានថ្លែងក្នុងកិច្ចប្រជុំក្រុមការងារឆ្លើយតបនឹងបញ្ហាជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល យ៉ាងដូច្នេះថា «ករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ អាចនឹងកើនឡើងដល់ចំនួន ២០០,០០០នាក់ នៅចន្លោះខែសីហា និងចុងខែកញ្ញា»។
លើកចុងក្រោយបំផុត ដែលតួលេខនៃអ្នកឆ្លងកូវីដ១៩ ក្នុង១ថ្ងៃ មានចំនួនខ្ទង់ ២០០,០០០នាក់ គឺត្រូវបានគេមើលឃើញ កាលពីខែមេសាកន្លងទៅ។ ចំពោះមុខស្ថានការណ៍នេះ លោក ហាន បានបន្ថែមថា ក្រុមមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឬអ្នកមានជំងឺប្រចាំកាយ នឹងមានសិទ្ធិទទួលបានចាក់វ៉ាក់សាំកូវីដ១៩ ដូសជំរុញ ជាលើកទី២។ ទោះយ៉ាងណា លោក ហាន បានបញ្ជាក់ថា រដ្ឋាភិបាលនៅមិនទាន់មាន ផែនការដាក់ចេញនូវវិធានការរឹតបន្តឹងភ្លាមៗ នោះទេ ប៉ុន្តែវាអាស្រ័យលើស្ថានការណ៍ប្រែប្រួលជាក់ស្តែង។
គួរបញ្ជាក់ថា ក្នុងរបាយការណ៍នៅថ្ងៃពុធនេះ កូរ៉េខាងជើងមានអ្នកឆ្លងកូវីដ១៩ ចំនួន៤០,២៦៦នាក់ ដែលបានកើនឡើង៨ភាគរយ ធៀបនឹងតួលេខសម្រាប់ថ្ងៃអង្គារ ហើយជាកម្រិតខ្ពស់បំផុតមួយ គិតចាប់តាំងពីថ្ងៃទី១១ ខែឧសភា ខណៈលក្ខខណ្ឌតម្រូវឲ្យមានការ ធ្វើចតា្តឡីស័ករយៈពេល៧ថ្ងៃ គឺនៅរក្សាដដែល៕