(ហែលស៉ិនគី)៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) បាននិយាយថាលោកស្រីបានធ្វើតេស្ដរកសារធាតុញៀន រួចរាល់ហើយ បន្ទាប់ពីរងការរិះគន់ និងការចោទប្រកាន់ពាក់ព័ន្ធនឹងការបែកធ្លាយវីដេអូរាំជាមួយមិត្តភក្តិ ក្នុងពិធីជប់លៀងជាលក្ខណៈឯកជនមួយ នៅលើបណ្ដាញអ៉ីនធឺណិត។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ លោកស្រី ម៉ារីន បានច្រានចោលការចោទប្រកាន់ និងអះអាងថាលោកស្រីមិនដែលប្រើប្រាស់ គ្រឿងញៀននោះទេ។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានការចោទប្រកាន់ថា ខ្ញុំបានស្ថិតនៅក្នុងពិធីជប់លៀងមួយដែលមានការប្រើគ្រឿងញៀន ហើយគេក៏ចោទខ្ញុំប្រើគ្រឿងញៀនដែរ ប៉ុន្តែនៅក្នុងមួយជីវិតរបស់ខ្ញុំតាំងពីក្មេងមកម្ល៉េះ ខ្ញុំមិនដែលប្រើគ្រឿងញៀនទេ»។ លោកស្រី ម៉ារីន បន្ថែមថា «ខ្ញុំបានធ្វើតេស្ដរួចរាល់ហើយនៅថ្ងៃនេះ (ថ្ងៃសុក្រ)»។

គួរបញ្ជាក់ថា បើតាមលោកស្រី សាន់ណា ម៉ារីន លទ្ធផលធ្វើតេស្ដរកសារធាតុញៀនណាកូទិច (narcotics) របស់លោកស្រី នឹងចេញនៅសប្ដាហ៍ក្រោយ៕