(ប្រាក)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយថា ក្រុមរដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុប អាចនឹងយល់ព្រមជាគោលការណ៍ នៅថ្ងៃអង្គារនេះ លើការបង្កើតបេសកកម្មហ្វឹកហ្វឺនយោធារបស់ EU សម្រាប់ទាហានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
កន្លងមកមានប្រទេសសមាជិក EU មួយចំនួន បានធ្វើការបណ្តុះបណ្តាលទាហានអ៊ុយក្រែន ឲ្យចេះប្រើប្រាស់អាវុធ ដែលលោកខាងលិច ផ្តល់ឲ្យទីក្រុងកៀវ នៅលើទឹកដីរបស់ខ្លួនរួចទៅហើយ ប៉ុន្តែពួកវាបានប្រព្រឹត្តទៅ ក្នុងក្របខណ្ឌរៀងៗខ្លួន។ ក្នុងពេលទៅដល់ទីក្រុងប្រាក (Prague) សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុប លោក បូរែល បានគូសបញ្ជាក់ថា «ស្ថានការណ៍នៅអ៊ុយក្រែនបច្ចុប្បន្ននៅតែអាក្រក់។ យើងនឹងបន្តគាំទ្រអ៊ុយក្រែនជាមួយនឹងគំនិតផ្តួចផ្តើម ដូចជាបេសកកម្មបណ្តុះបណ្តាល ដែលនឹងធ្វើការពិភាក្សាគ្នាដោយ ក្រុមមន្រ្តីជាន់ខ្ពស់ការពារជាតិរបស់យើង»។
លោក បូរែល បានបន្ថែមថា «កិច្ចព្រមព្រៀងនយោបាយរួមគ្នា លើបេសកកម្មខាងលើនេះ គឺជាអ្វីដែលខ្ញុំគិតថា យើងត្រូវតែទទួលបាននៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថានឹងមានភ្លើងបៃតងផ្នែកនយោបាយ ចំពោះគំនិតផ្តួចផ្តើមនេះ»។ យ៉ាងនេះក្តីវានៅមិនទាន់ប្រាកដទេ ថាតើកម្មវិធីបណ្តុះបណ្តាល របស់ EU នឹងផ្តោតសំខាន់លើអ្វី ឬជាការបន្ថែមលើប្រតិបត្តិការ ដែលមានស្រាប់នោះ។
គួរបញ្ជាក់ថា នៅថ្ងៃបន្ទាប់រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប ដែលជួបប្រជុំគ្នានៅទីក្រុងប្រាក ប្រហែលជានឹងយល់ព្រមលើការរឹតបន្តឹងការចេញទិដ្ឋាការលើប្រជាជនរុស្ស៉ី រួមទាំងការពិភាក្សាអំពី ការហាមឃាត់ទិដ្ឋាការទេសរណ៍កាន់តែទូលំទូលាយ ទោះបីជាមន្រ្តី EU បានអះអាងថានឹងមិនមានកិច្ចព្រមព្រៀងបែបនេះក្តី៕