(កាប៊ុល)៖ ប្រធានទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) លោក ម៉ាទីន ហ្រ្គីហ្វហ្វីតស៍ (Martin Griffiths) បានជំរុញឲ្យម្ចាស់ជំនួយស្តារឡើងវិញមូលនិធិសម្រាប់ការអភិវឌ្ឍន៍ នៅក្នុងប្រទេសអាហ្វហ្កានីស្ថានដែលត្រូវបានជាប់គាំង នាពេលដែលក្រុមតាលីបង់ បានគ្រប់គ្រងកាន់កាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះកាលពីឆ្នាំ២០២១ ដោយព្រមានថាមនុស្សប្រមាណ ៦លាននាក់ ប្រឈមនឹងគ្រោះទុរិ្ភក្ស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។
លោក ម៉ាទីន ហ្រ្គីហ្វហ្វីតស៍ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អាហ្វហ្កានីស្ថានកំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជា មនុស្សធម៌, សេដ្ឋកិច្ច, អាកាសធាតុ, ភាពអត់ឃ្លាន និងហរិញ្ញវត្ថុ ហើយថាម្ចាស់ជំនួយគួរតែផ្តល់មូលនិធិចំនួន ៧៧០លានដុល្លារភ្លាមៗ ដើម្បីជួយដល់អាហ្វហ្កានីស្ថាន ឆ្លងផុតរដូវត្រជាក់ខាងមុខនេះ។ ជម្លោះ, ភាពក្រីក្រ, ការប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀង បានក្លាយជាភាពសោកសៅជាយូណាស់មកហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរនោះ គឺការបញ្ឈប់ជំនួយអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។
លោក ហ្រ្គីហ្វហ្វីតស៍ បានគូសបញ្ជាក់ថា «ភាពក្រីក្រកាន់តែវិត្តន៍ទៅមុខ ខណៈដែលប្រជាជនកើនឡើង ហើយអាជ្ញាធរមិនមានថវិកា សម្រាប់វិនិយោគសម្រាប់អនាគតរបស់ពួកគេឡើយ។ វាច្បាស់ណាស់ថាជំនួយអភិវឌ្ឍន៍មួយចំនួន គួរតែត្រូវបានចាប់ផ្តើមឡើងវិញ»។
គួរបញ្ជាក់ថា ជាងពាក់កណ្តាលនៃប្រជាជនអាហ្វហ្កានីស្ថានសរុបចំនួន ៣៩លាននាក់ ត្រូវការជំនួយមនុស្សធម៌ ហើយមនុស្សចំនួន ៦លាននាក់កំពុងជួបនឹងគ្រោះទុរិ្ភក្ស។ ក្នុងនោះ កុមារជាង១លាននាក់ ត្រូវបានប៉ាន់ប្រមាណថាមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយអាចស្លាប់បើគ្មានថ្នាំព្យាបាលត្រឹមត្រូវ៕