(លីសបោន)៖ រដ្ឋមន្រ្តីសុខាភិបាលព័រទុយហ្កាល់ លោកស្រី ម៉ាតា តេមីដូ (Marta Temido) បានសម្រេចលាលែងពីមុខតំណែង នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានទទួលរងការរិះគន់ចំពោះ ការសម្រេចចិត្តមួយរបស់លោកស្រី ក្នុងការបិទទ្វារជាបណ្តោះអាសន្ន នូវសេវាកម្មសង្រ្គោះបន្ទាន់ផ្នែកសម្ភព ដែលបង្កឱ្យស្រ្តីមានផ្ទៃពោះមួយចំនួន ត្រូវផ្ទេរទៅមករវាងមន្ទីរពេទ្យ ទាំងប្រថុយប្រថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលព័រទុយហ្កាល់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រី តេមីដូ បានសម្រេចចុះចេញពីតួនាទីបែបនេះ ដោយសារតែលោកស្រី បានដឹងច្បាស់ថា លោកស្រីលែងមានលក្ខខណ្ឌគ្រប់គ្រាន់ទៀតហើយ ដើម្បីអាចនៅបន្តកាន់តំណែង។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) បានលើកឡើងថា លោកបានទទួលយក ពាក្យសុំលាលែងតំណែងរបស់លោកស្រី តេមីដូ រួចហើយ និងបានអរគុណលោកស្រី សម្រាប់កិច្ចខិតខំបំពេញការងារកន្លងមក ក្នុងនោះរួមមានទាំង ការដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៨ យ៉ាងជោគជ័យផងដែរ។

រដ្ឋាភិបាលព័រទុយហ្កាល់ បានសម្រេចចាត់វិធានការបិទសេវាកម្មសង្រ្គោះបន្ទាន់ផ្នែកសម្ភព ជាពិសេសនៅកំលុងពេលចុងសប្តាហ៍ ខណៈដែលមន្ទីរពេទ្យមួយចំនួន មិនមានវេជ្ជបណ្ឌិតគ្រប់គ្រាន់ កំលុងវិស្សមកាលរដូវក្តៅនេះ។ ក្រុមគណបក្សប្រឆាំង និងរដ្ឋបាលប្រចាំតំបន់ បាននាំគ្នារិះគន់លោកស្រី តេមីដូ ក្រោមហេតុផលថា ស្រ្តីមានគភ៌ពេលខ្លះ ត្រូវប្រឈមហានិភ័យធ្វើដំណើរទៅកាន់ មន្ទីរពេទ្យដែលនៅឆ្ងាយៗ។ ជាមួយគ្នានេះ កាលពីចុងសប្តាហ៍នេះកន្លងទៅ ក៏មានសេចក្តីរាយការណ៍អំពី ស្រ្តីមានផ្ទៃពោះម្នាក់ស្លាប់ផងដែរ ពេលផ្ទេរមន្ទីរពេទ្យ។

គួរបញ្ជាក់ថា លោកស្រី តេមីដូ បានឡើងកាន់តំណែងជា រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសព័រទុយហ្កាល់ កាលពីឆ្នាំ២០១៨។ យោងតាមការស្ទង់មតិ កាលពីឆ្នាំ២០២១ លោកស្រីក៏បានជាប់ឈ្មោះ ក្នុងចំណោមសមាជិករដ្ឋាភិបាល ដែលមានប្រជាប្រិយជាងគេថែមទៀតផង ដោយសារតែ ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩៕