(តូក្យូ)៖ កាលពីដើមខែសីហាកន្លងទៅ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ បានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយព្រមពេលជាមួយគ្នា សកម្មភាពរបស់ជប៉ុនក៏បានបង្កើន ក្ដីព្រួយបារម្ភកាន់តែខ្លាំងផងដែរ។ ជប៉ុន និងបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកក្រុមប្រទេស G7 និងសហភាពអឺរ៉ុបបានចេញ សេចក្ដីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសចិនជុំវិញការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្បែរកោះតៃវ៉ាន់ ខណៈកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសរវាងចិន និងជប៉ុនត្រូវបានលុបចោល។
នៅក្នុងជំនួបជាមួយលោកស្រី ផេឡូស៊ី នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ បានលើកឡើងថា ជប៉ុន និងសហរដ្ឋអាមេរិកគួរតែសហការគ្នា ក្នុងការថែរក្សាសន្តិសុខនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយបន្ទាប់ពីការកត់សម្គាល់នេះ សហរដ្ឋអាមេរិក និងជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធា ភ្លាមៗនៅឯតំបន់ដែនទឹកនៃកោះអូគីណាវ៉ា (Okinawa) កាលពីថ្ងៃទី៩ ខែសីហា។
ក្រោយជប៉ុនបានភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយចិនក្នុងឆ្នាំ១៩៧២ ទីក្រុងតូក្យូតែងតែព្យាយាមជានិច្ច ដើម្បីបញ្ចៀសការលើកឡើងពី បញ្ហាតៃវ៉ាន់នៅក្នុងសេចក្ដីថ្លែងការណ៍រួម ឬក៏ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ កាលពីខែមេសា ឆ្នាំ២០២១ តៃវ៉ាន់ត្រូវបាន បញ្ចូលជាលើកដំបូងក្នុងសេចក្ដីថ្លែងការណ៍រួមមួយ នៅឯកិច្ចប្រជុំកំពូលអាមេរិក និងជប៉ុន ហើយចាប់តាំងពីពេលនោះមកដែរ បញ្ហាតៃវ៉ាន់បាន ក្លាយជារបៀបវារៈសំខាន់នៃកិច្ចប្រជុំកម្រិតខ្ពស់រវាងអាមេរិក និងជប៉ុន ដែលនេះបានធ្វើឱ្យគេមើលឃើញថាសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន បានផ្លាស់ប្ដូរពី «យុទ្ធសាស្ត្រមិនច្បាស់លាស់» ទៅជា «យុទ្ធសាស្ត្រច្បាស់លាស់» ពាក់ព័ន្ធនឹងជំហររបស់ប្រទេសទាំង២ ចំពោះតៃវ៉ាន់។
ក្រុមអ្នកវិភាគខ្លះយល់ថាការកែប្រែរបស់ជប៉ុន គឺដោយសារតែជប៉ុនសម្រេចចិត្តដើរតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់ តៃវ៉ាន់ដើម្បីគ្រប់គ្រងចិន រីឯខ្លះទៀតជឿថាវាជាលទ្ធផលនៃគោលនយោបាយរបស់ក្រុមអ្នកភិរក្សនិយម នៅក្នុងប្រទេសជប៉ុនដែលចង់គ្រប់គ្រងចិន ដោយប្រើ «សន្លឹកបៀតៃវ៉ាន់»។ ប៉ុន្តែ វាមានហេតុផលដ៏សំខាន់មួយទៀតដែលគេមិនគួរមើលរំលង នោះគឺសហរដ្ឋអាមេរិក និងជប៉ុនកំពុងប្រើ តៃវ៉ាន់ជា «ការធ្វើតេស្ដលើភាពជឿជាក់ និងគួរឱ្យទុកចិត្តបាន» នៃសម្ព័ន្ធភាពរបស់ខ្លួនក្នុងបរិបទដែលប្រទេសទាំង២ សុទ្ធតែបានបង្ហាញពីនិន្នាការ ធ្វើអន្តរាគមន៍លូកដៃក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
តាមពិតទៅ អ្វីដែលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភពិតប្រាកដ មិនមែនសន្តិសុខរបស់តៃ វ៉ាន់នោះទេ ប៉ុន្តែគឺស្ថិរភាពនៃប្រព័ន្ធសម្ព័ន្ធមិត្តដែលជាអាយុ ជីវិតនៃអំណាច និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ ក្នុងន័យនេះ សហរដ្ឋអាមេរិកចាំបាច់ណាស់ ត្រូវតែធ្វើការធានាឡើងវិញ ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការបង្ហាញពីការប្ដេជ្ញាចិត្តចំពោះបញ្ហាតៃវ៉ាន់។ នៅក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ ប្រព័ន្ធសម្ព័ន្ធមិត្តនេះ បានរង្គោះរង្គើរយ៉ាងខ្លាំង ហើយមកដល់ជំនាន់លោក ចូ បៃដិន សហរដ្ឋអាមេរិក បានផ្ដោតលើការពង្រឹងប្រព័ន្ធសម្ព័ន្ធមិត្តឡើងវិញជាអាទិភាព នៃនយោបាយការបរទេសរបស់លោក។
យ៉ាងណាក៏ដោយ លោក ចូ បៃដិនខ្លួនឯង នៅតែដើរជាន់ដានលោក ដូណាល់ ត្រាំដដែល ក្រោយលោកសម្រេចចិត្តដកកងទ័ពអាមេរិក យ៉ាងតក់ក្រហល់ចេញពីអាហ្វហ្កានីស្ថាន បង្កឱ្យមានការសង្ស័យជាថ្មីលើភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក ហើយការបាត់បង់ជំនឿចិត្ត បានកើតឡើងក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក ជាពិសេសក្នុងតំបន់មជ្ឈិមបូព៌ាតែម្ដង។ រឿងបែបនេះបានក្លាយជាទម្លាប់ទៅហើយ ដោយសហរដ្ឋអាមេរិកតែងតែធ្វើការធានាចំពោះសម្ព័ន្ធមិត្តនៅក្នុងតំបន់ផ្សេង នៅពេលដែលការធ្វើអន្តរាគមន៍យោធារបស់ខ្លួនជាប់គាំង និងតម្រូវឱ្យ ដកខ្លួនចេញពីតំបន់ណាមួយ។
បញ្ហាធំសម្រាប់សហរដ្ឋអាមេរិក គឺនៅត្រង់នេះឯង ហើយការធានាមានសារៈសំខាន់ខ្លាំងណាស់ ដ្បិតសម្រាប់សហរដ្ឋអាមេរិក នៅពេលដែល សម្ព័ន្ធមិត្តមួយរបស់ខ្លួន មាននិន្នាការចែកផ្លូវជាមួយវ៉ាស៊ីនតោន នោះវាអាចនឹងជំរុញឱ្យសម្ព័ន្ធមិត្តអាមេរិកដទៃយកគំរូតាមនៅថ្ងៃណាមួយ ហើយបើ រឿងបែបនេះកើតឡើងមែន នោះមានន័យថាយុទ្ធសាស្ត្រ និងអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីបូព៌ានឹងរង្គោះរង្គើរមិនខាន។ ដូច្នេះ ដើម្បីកែប្រែទស្សនៈយល់ឃើញថាសហរដ្ឋអាមេរិកជាដៃគូមិនអាចទុកចិត្តបាន វាមិនមែនតម្រូវត្រឹមតែឱ្យសហរដ្ឋអាមេរិកបង្ហាញភាពខ្លាំងលើបញ្ហា តៃវ៉ាន់ប៉ុណ្ណោះទេ តែក៏តម្រូវឱ្យជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅក្នុងតំបន់អាស៊ី ចូលរួមបង្ហាញការប្ដេជ្ញាចិត្តដ៏រឹងមាំផងដែរដើម្បីឱ្យ សម្ព័ន្ធមិត្តដទៃបានឃើញ។
ដោយឡែក និយាយពីជប៉ុនវិញ ក៏មិនខុសគ្នាប៉ុន្មានពីសហរដ្ឋអាមេរិកនោះដែរ។ ការព្រួយបារម្ភពិតប្រាកដរបស់ទីក្រុងតូក្យូ មិនមែនសន្តិសុខរបស់ តៃវ៉ាន់នោះទេ ប៉ុន្តែគឺ «ភាពជឿជាក់ និងគួរឱ្យទុកចិត្តបាន» នៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយការបារម្ភបែបនេះជប៉ុនមានតាំងតែ យូរណាស់មកហើយ។ បើគេចាំមិនភ្លេចទេ អតីតប្រធានាធិបតីអាមេរិក លោក រីឆាដ និកសុន (Richard Nixon) មិនបានជូនដំណឹង ឬធ្វើការ ទំនាក់ទំនងជាមួយជប៉ុន មុននឹងលោកសម្រេចចិត្តបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិនក្នុងឆ្នាំ១៩៧២នោះទេ។ លើសពីនេះទៅទៀត កាលពី ប៉ុន្មានទសវត្សរ៍មុន នៅក្នុងជម្លោះដែនទឹកនៅឯទីប្រជុំកោះសិនកាគូ ឬចិនហៅថា ដាយយូ (Diaoyu) រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង សហរដ្ឋអាមេរិកក៏មិនបានបង្ហាញពីការគំាទ្រចំពោះការអះអាងពីអធិបតេយ្យរបស់ជប៉ុនលើទីប្រជុំកោះនេះឡើយ បើទោះជាទីក្រុងវ៉ាស៊ីនតោន និយាយថាសន្ធិសញ្ញាសន្តិសុខរវាងជប៉ុន និងអាមេរិក នឹងត្រូវបានអនុវត្តក្នុងកិច្ចការពារជាតិនៃប្រទេសទាំង ២ក៏ដោយ។
ដូចគ្នាទៅសហរដ្ឋអាមេរិកដែរ ជប៉ុនត្រូវបានគេមើលឃើញថាកំពុងយកបញ្ហាតៃវ៉ាន់ជាការធ្វើតេស្ដមួយដ៏សំខាន់ លើអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយពាក្យពេចន៍ និងសកម្មភាពលើបញ្ហាតៃវ៉ាន់គឺជា «សូចនាករ» មួយបង្ហាញពីឆន្ទៈនិងសមត្ថភាពធ្វើជាមេដឹកនាំ ក្នុងតំបន់របស់សហរដ្ឋអាមេរិក។ សរុបមកវិញ ក្នុងទស្សនៈយល់ឃើញរបស់សហរដ្ឋអាមេរិក ជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ រីឯការរួមបញ្ចូលគ្នា នៃកិច្ចខិតខំប្រឹងប្រែងនៃប្រទេសទាំង២ នឹងកា្លយជាការប៉ះប៉ូវឡើងវិញនៃថយចុះឥទ្ធិពលអាមេរិកនៅក្នុងតំបន់។ ម្យ៉ាងវិញទៀត តាមរយៈការបង្ហាញពី និន្នាការនៃសម្ព័ន្ធភាពអាមេរិក និងជប៉ុន ក្នុងការធ្វើអន្តរាគមន៍ក្នុងសំណុំរឿងតៃវ៉ាន់ វាគឺជាយុទ្ធសាស្ត្រមួយដែលចងភ្ជាប់ប្រទេសទាំង២ និងកាន់តែ ពងឹ្រងជំនឿចិត្តលើប្រព័ន្ធសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា ឈរលើគំនិតមួយដែលថាបញ្ហាតៃវ៉ាន់ គឺជាសមរភូមិមួយរវាងចិន និងសហរដ្ឋអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច នោះប្រសិនបើចិន ឈ្នះ បណ្ដាប្រទេសដទៃនៅក្នុងតំបន់អាចនឹងសម្រេច ឬត្រូវបង្ខំចិត្តចូលរួមជាមួយចិន ក្នុងករណីដែលប្រព័ន្ធសម្ព័ន្ធមិត្តរបស់អាមេរិកត្រូវដួលរលំ។ ដូច្នេះដើម្បីបំបាត់ក្ដីបារម្ភបែបនេះ ការចូលរួមរបស់សហរដ្ឋអាមេរិក និងជប៉ុនក្នុងបញ្ហាតៃវ៉ាន់ គឺសំដៅពង្រឹងសមត្ថភាពកំញើញចិនកុំឱ្យប្រថុយធ្វើ សង្រ្គាមនៅតៃវ៉ាន់។
បើតាមក្រុមអ្នកជំនាញភាគច្រើន សម្រាប់សហរដ្ឋអាមេរិក តៃវ៉ាន់ជាបញ្ហាដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងអុនត្តរភាពនៃប្រព័ន្ធសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមរិក។ ក៏ប៉ុន្តែ សម្រាប់ចិនវិញ តៃវ៉ាន់ជាបញ្ហាអត្តសញ្ញាណ ការបង្រួបបង្រួម និងការផ្សះផ្សារជាតិ ហើយគំនិតយល់ឃើញទាំង២នេះមាន ការភាពខុសប្លែកគ្នាស្រឡះដែលអាចនឹងបន្តធ្វើឱ្យស្ថានការណ៍តានតឹងក្នុងតំបន់កាន់តែឡើងកម្ដៅ ដ្បិតការយកបញ្ហាតៃវ៉ាន់ ដើម្បីរក្សាអនុរភាព និងភាពគួរឱ្យទុកចិត្តបាននៃសម្ព័ន្ធភាពរបស់ខ្លួន សហរដ្ឋអាមេរិក និងជប៉ុនអាចនឹងឈានដល់ការសន្មត់ថាពួកគេចាំបាច់ត្រូវតែធ្វើអន្តរាគមន៍ ក្នុងសំណុំរឿងតៃវ៉ាន់ ក្រោមរូបភាពនៃការកំញើញ។ ប៉ុន្តែ ការកំញើញអាចដំណើរការទៅបាន វាមិនមែនអាស្រ័យលើការយល់ឃើញរបស់អ្នកកំញើញ គេនោះទេ តែវាគឺអាស្រ័យលើការយល់ឃើញរបស់អ្នកដែលត្រូវបានគេកំញើញ៕