(បែរឡាំង)៖ ផែនការរបស់ប្រទេសតួកគីដើម្បីចូលរួម ជាមួយអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបង្កឲ្យមានប្រតិកម្មខឹងសម្បារពីទីក្រុងបែរឡាំង ដោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) ដែលបានរិះគន់ទីក្រុងអង់ការ៉ាថា កំពុងស្វែងរកសមាជិកភាព នៅក្នុងប្លុកសេដ្ឋកិច្ចនិងសន្តិសុខដែលដឹកនាំដោយ រុស្ស៉ី និងចិន។ នេះបើយោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២២។

បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) នៅក្នុងទីក្រុងញូយ៉ក លោក សូលហ៍ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍នេះ។ SCO មិនមែនជាអង្គការ ដែលផ្តល់ការរួមចំណែកដ៏ល្អមួយសម្រាប់ពិភពលោកនោះទេ។ អ្វីដែលសំខាន់បំផុតនាពេលនេះ គឺការឈានដល់ព្រមព្រៀងជាមួយ តួកគីលើបញ្ហាជម្លោះនៅអ៊ុយក្រែន ជាពិសេសកិច្ចព្រមព្រៀងស្តីពី របៀបយកឈ្នះលើសង្រ្គាមរបស់រុស្ស៉ី»

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគីបានប្រកាសពី ផែនការចូលជាសមាជិករបស់ SCO ជាផ្លូវការកំលុងពេលដែល លោកទៅចូលរួមកិច្ចប្រជុំនៅប្រទេសអ៊ូសបេគីស្ថាន។ SCO គឺជាអង្គការមួយ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ហើយឥឡូវនេះបានវិវត្តន៍ខ្លួនក្លាយជា ប្លុកក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន សមាជិករួមមាន ប្រទេសចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន និងថ្មីៗនេះ គឺអ៉ីរ៉ង់។ តួកគីនិងប្រទេសមួយចំនួនទៀត ត្រូវបានទទួលស្គាល់ថាជា «ដៃគូសន្ទនា» ពិសេសរបស់អង្គការនេះ៕