(ប៉េកាំង)៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី ២៩ បានបិទបញ្ចប់នៅប្រទេសថៃ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើង នូវគំនិតផ្តួចផ្តើមនិងវិធានការជាក់ស្តែងសំខាន់ៗមួយចំនួន ជុំវិញការកសាងសហគមន៍រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិកនិងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ជាដើម ដែលទទួលបានការឆ្លើយតបនិងគាំទ្រយ៉ាងសកម្ម ពីបណ្តាភាគីនានា។

កិច្ចប្រជុំលើកនេះបានអនុម័តលើ ឯកសារសមិទ្ធិផលសំខាន់ៗចំនួនពីរ គឺ «សេចក្តីប្រកាសរបស់មេដឹកនាំអង្គការ APEC» និង «គោលដៅក្រុងបាងកកស្តីពីសេដ្ឋកិច្ចបៃតង តាមវិធីវិលជុំខាងជីវសាស្រ្ត» ដែលបានឆ្លុះបញ្ចាំងពីគោលនយោបាយ និងគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីសំខាន់ៗរបស់លោកប្រធានរដ្ឋចិន Xi Jinping បានបំភ្លឺដល់ «ពេលវេលាអាស៊ី» សម្រាប់អភិបាលកិច្ចសកល ហើយប្រទេសចិនបានក្លាយជាកម្លាំងនាំមុខគេ ដែលសាមគ្គីគ្រប់ភាគីទាំងអស់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម។

អង្គការ APEC គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនាមជា «ប្រទេសនាំមុខគេ» និង «ក្បាលម៉ាស៊ីន» នៃសេដ្ឋកិច្ចពិភពលោក តើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណានិងដើរតាមផ្លូវណា? វាមិនត្រឹមតែពាក់ព័ន្ធដល់អនាគត និងជោគវាសនានៃតំបន់នេះប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ។ កិច្ចប្រជុំរបស់អង្គការ APEC ឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ «ការបើកទូលាយតភ្ជាប់គ្នានិងតុល្យភាព» ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួម របស់មហាគ្រួសារអាស៊ីប៉ាស៊ីហ្វិក។

ប្រទេសចិនគឺជារដ្ឋសមាជិកដ៏សំខាន់នៃអង្គការ APEC ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC ឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវឱ្យកសាង សហគមន៍រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិកដែលប្រកបដោយសន្តិភាព ស្ថិរភាព ភាពសម្បូរសប្បាយរួម ភាពស្រស់ស្អាតនិងជួយគ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់ថា «ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ និងគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី» «ត្រូវប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ព្រមនិងសម្រេចបាននូវការផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ» «ត្រូវប្រកាន់ខ្ជាប់នូវការបើកចំហកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងរួមគ្នាជំរុញវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក»។

បើមើលពីសុន្ទរកថាគន្លឹះទាំងនេះ មជ្ឈដ្ឋានខាងក្រៅអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតសំខាន់លើ ពាក្យគន្លឹះមួយនេះ ពោលគឺ «សហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក» ដោយបានអំពាវនាវឱ្យបណ្តាភាគីនានា «គាំពារទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក» ក៏ដូចជាបានអធិប្បាយពីបញ្ហាថា «តើត្រូវជំរុញឱ្យកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក មានភាពកាន់តែស៊ីជម្រៅតាមរបៀបណា»

ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក ក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ។ អង្គការ APEC បានកំណត់គោលដៅដ៏មហិមាស្តីពីការបង្កើត «សហគមន៍រួមនៃអាស៊ីប៉ាស៊ីហ្វិក» នៅឆ្នាំ ២០៤០ ដែលបានផ្សារភ្ជាប់និងជំរុញគ្នាទៅវិញទៅមកជាមួយនឹង ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនាតែមួយ នៃអាស៊ីប៉ាស៊ីហ្វិកដែលប្រទេសចិន បានលើកឡើងនោះ។
ក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ អង្គការ APEC ឆ្នាំនេះ បានបន្សល់ទុកម្តងទៀតនូវ «ដានរបស់ចិន» ដ៏ជ្រាលជ្រៅលើផ្លូវអភិវឌ្ឍន៍នៃអាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនដែលបោះជំហានឆ្ពោះទៅរក ការធ្វើទំនើបកម្មជាបន្តបន្ទាប់ ពិតជានឹងផ្តល់កាលានុវត្តភាពថ្មីកាន់តែច្រើនដល់ អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក តាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន