(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា អតីតមេដឹកនាំចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានទទួលមរណភាពហើយ ក្នុងថ្ងៃពុធនេះ នៅអាយុ៩៦ឆ្នាំ។ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ បានប្រកាសថាលោក ជាំង ហ្សេមីន បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយ ការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។
នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក តេង សៀវពីង (Deng Xiaoping) កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិត នៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ ហើយលោក ជាំង ត្រូវបានគេចាត់ទុកថាជាមេដឹកនាំម្នាក់ដែលបានចូលរួមចំណែកនាំចិន ចូលទៅកាន់ទីផ្សារពិភពលោក។
*តើលោក Jiang Zemin ជានរណា?
លោក ជាំង ហ្សេមីន (Jiang Zemin) កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩២៦ នៅក្នុងទីក្រុង យ៉ាងចូវ (Yangzhou) នៃខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។ លោក ជាំង មានឪពុកមានឈ្មោះ ជាំង ស៊ីជុន (Jiang Shijun, ស្លាប់) ជាគណនេយ្យករម្នាក់នៅក្នុងក្រុមហ៊ុនអគ្គិសនីមួយ និងក្រោយមកបានធ្វើជាអ្នកចាត់ការទូទៅ ក្រុមហ៊ុនកប៉ាល់ ដឹកអ្នកដំណើរ។ ចំណែកឯ ម្ដាយរបស់លោកមានឈ្មោះ វូ អ៉ីជីង (Wu Yueqing, ស្លាប់) មកពីគ្រួសារកសិករ។
លោក ជាំង បានរៀបការជាមួយនារីម្នាក់មានឈ្មោះ វ៉ាង យ៉េពីង (Wang Yeping) និងមានកូនប្រុស ២នាក់ឈ្មោះ ជាំង មៀនកាង (Jiang Miankang) និង ជាំង មៀនហេង (Jiang Mianheng)។ លោក ជាំង បានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Shanghai Jiao Tong University ក្នុងឆ្នាំ១៩៤៧។ លោក ជាំង ហ្សេមីន បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកុម្មុយនិស្ដចិន ក្នុងឆ្នាំ១៩៤៦។ ចន្លោះពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៦ លោកបានក្លាយជាសិក្ខាកម្មម្នាក់ នៅរោចក្រផលិតរថយន្ដ Stalin Automobile Factory ក្នុងទីក្រុងមូស្គូ និងរហូតដល់ឆ្នាំ១៩៨២ លោក ជាំង ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីខាងឧស្សាហកម្មអេឡិចត្រូនិក ហើយក្រោយមកនៅក្នុងឆ្នាំដដែល បានកា្លយជាសមាជិកមួយរូបនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដចិន។
លោក ជាំង ត្រូវបានដំឡើងតំណែងជារដ្ឋមន្ត្រីខាងឧស្សាហកម្មអេឡិចត្រូនិក នៅឆ្នាំ១៩៨៣ និងជាចៅហ្វាយក្រុងសៀងហៃ ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៨។ នៅខែមិថុនា ឆ្នាំ១៩៨៩ លោក ជាំង ត្រូវបានតែងតាំងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិនជំនួសលោក ចៅ ស៊ីយ៉ាង (Zhao Ziyang) និងនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ លោកបានកាន់តំណែងជំនួសលោក តេង ស៊ាវពីង ជាប្រធានគណៈកម្មការយោធាមជ្ឈិម។ លោក ជាំង ហ្សេមីង បានកាន់តំណែងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ ហើយរហូតដល់ខែមីនា ឆ្នាំ២០០៥ ទើបលោក ជាំង បានចូលនិវត្តន៍ជាផ្លូវការ បន្ទាប់ពីប្រកាសលាលែងពីតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន និងជាប្រមុខយោធាចិន នៅឆ្នាំ២០០៤៕