(ហ្សាកាតា)៖ ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៥.៧រ៉ិចទ័របានវាយប្រហារកោះជ្វា (Java) ដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍នេះ ដែលមានរយៈពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីលើកមុនបណ្តាលឲ្យមនុស្សជាង ៣៣០នាក់ស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាម ​​USGS គ្រោះរញ្ជួយដីបានវាយប្រហារក្នុងជម្រៅ ១១២គីឡូម៉ែត្រ ហើយចំណុចកណ្តាលស្ថិតនៅចម្ងាយ ១៨គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងបាន់ចា (Banjar) នៃកោះជ្វាខាងលិច។ យ៉ាងហោចណាស់មនុស្សមា្នក់បានរងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូណេស៉ី បានផ្តល់កម្រិតនៃការរញ្ជួយខ្ពស់ជាងនេះដល់ទៅ ៦.៤រ៉ិចទ័រ ដែលបានអង្រួនអគារនានាក្នុងរដ្ឋធានីហ្សាកាតា។ ប៉ុន្តែគ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។

គួរបញ្ជាក់ថា កាលពីខែមុន ការរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារទីក្រុងសៀនជួ (Cianjur) ភាគខាងលិចកោះជ្វា ដោយបានសម្លាប់មនុស្ស ៣៣១នាក់ របួសរាប់ពាន់នាក់ និងរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង៕