(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវដល់ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប (OSCE) ឲ្យធ្វើការដោះស្រាយថែមទៀត ជុំវិញបញ្ហាជនជាតិអ៊ុយក្រែនដែលទីក្រុងកៀវអះអាងថា ត្រូវបាននិរទេសដោយបង្ខំទៅរុស្ស៊ី និងជោគវាសនារបស់ពួកគេនៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់រុស្ស៊ីថាពលរដ្ឋអ៊ុយក្រែនចន្លោះពី ៩០០,០០០នាក់ ទៅ១.៦លាននាក់ ដែលក្នុងនោះរួមទាំងកុមារ ២៦០,០០០នាក់ ត្រូវបាននិរទេសដោយបង្ខំចូលទៅក្នុងទឹកដីរុស្ស៊ី ខណៈរុស្ស៊ីបានបដិសេធការអះអាងនេះ ប៉ុន្តែនិយាយថាអ្នកដែលមកដល់គឺជា ជនភៀសខ្លួនចេញពីសង្គ្រាម ហើយនៅក្នុងចំនួនផ្ទុយពីការប៉ាន់ប្រមាណនេះ។
កំលុងពេលដែល លោក ប៊ូចា អូស្មានី (Bujar Osmani) រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាសេដូនខាងជើង និងជាប្រធានការិយាល័យ OSCE ឆ្នាំ២០២៣ ធ្វើទស្សនកិច្ចនៅទីក្រុងកៀវ លោក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «OSCE អាចបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពជុំវិញការនិរទេសប្រជាជនរបស់យើង ចេញពីទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ចូលទៅក្នុងប្រទេសរបស់ខ្លួន»។ លោក ហ្សេលេនស្គី បានបន្ថែមថា «រហូតមកដល់ពេលនេះ នៅមិនទាន់មានអង្គការអន្តរជាតិណាមួយរិះរកវិធី ដើម្បីចូលទៅកាន់កន្លែងឃុំឃាំងអ្នកទោសអ៊ុយក្រែន ក្នុងប្រទេសរុស្ស៊ីនៅឡើយទេ។ បញ្ហានេះត្រូវតែកែតម្រូវ»។
គួរបញ្ជាក់ថា OSCE ដែលជាអង្គការសន្តិសុខក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក មានប្រទេសជាសមាជិកចំនួន៥៧ រួមទាំងសហរដ្ឋអាមេរិក ប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងអស់ និងរុស្ស៊ី ក៏ដូចជារដ្ឋទាំងអស់នៃអតីតសហភាពសូវៀតដទៃទៀត។ កាលពីខែធ្នូ ឆ្នាំ២០២២ រុស្ស៊ីបានរារាំងការអនុម័តថវិកាសម្រាប់ស្ថាប័នមួយនេះ។ ក្រោយមក OSCE ក៏បង្ខំចិត្តបិទបេសកកម្មត្រួតពិនិត្យរបស់ខ្លួននៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានបដិសេធមិនបន្តអាណត្តិ នៃប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន៕