(អាត្លង់តា)៖ មនុស្ស ៦នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នៅក្នុងទីក្រុងអាត្លង់តា នៃរដ្ឋចចជៀ ( Georgia) សហរដ្ឋអាមេរិក ក្រោយបាតុកម្មតវ៉ាមួយបានផ្ទុះទៅជាអំពើហិង្សាភ្លាមៗ ដោយក្រុមបាតុករ បានដុតរថយន្ដប៉ូលិសមួយគ្រឿង និងបង្កការបំផ្លិចបំផ្លាញដល់អគារមួយចំនួននៅក្បែរខាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN​ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នា ដើម្បីសម្ដែងការខឹងសម្បាររបស់ពួកគេ ក្រោយសកម្មជនម្នាក់ត្រូវបានមន្ត្រីប៉ូលិស បាញ់សម្លាប់កាលពីថ្ងៃពុធកន្លងទៅនេះ កំលុងប្រតិបត្តិការបណ្ដេញក្រុមសកម្មជន មួយចំនួនឱ្យចេញពីការដ្ឋានសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសមួយដែលក្រុមអ្នកតវ៉ាដាក់ឈ្មោះឱ្យថា «ទីក្រុងប៉ូលិស»។ ពីដំបូងឡើយ បាតុកម្មតវ៉ាបានប្រព្រឹត្តទៅដោយសន្តិវិធី តែស្រាប់តែផ្ទុះជាអំពើហិង្សាភ្លាមៗ ក្រោយបាតុករមួយចំនួនបាញ់កាំជ្រួច និងចោលដុំថ្មលើប៉ូលិស ព្រមទាំងចូលបំផ្លាញក្នុងអគារនៅក្បែរកន្លែងតវ៉ា។ បាតុកម្មតវ៉ានេះបានរំសាយបន្តិចម្ដងៗ ដោយ មិនមានមនុស្សណាម្នាក់រងរបួសនោះទេ ខណៈមនុស្ស ៦នាក់ត្រូវបានឃាត់ខ្លួន។

កាលពីថ្ងៃពុធកន្លងទៅនេះ សកម្មជនម្នាក់ឈ្មោះ ម៉ានូអែល ធឺរ៉ាន់ (Manuel Teran) មានអាយុ ២៦ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅឯឧទ្យាន Weelaunee People's Park ជាទីដែល ក្រុមសកម្មជនមួយចំនួនបានបោះជំរំធ្វើការតវ៉ាប្រឆាំងនឹងគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស តាំងតែពីឆ្នាំ២០២២មកម្ល៉េះ។ បើតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេត ចចជៀ (GBI) សកម្មជនឈ្មោះ ធឺរ៉ាន់ បានបដិសេធបញ្ជាពីអាជ្ញាធរឱ្យរើចេញ ហើយបានបើកការបាញ់ប្រហារលើប៉ូលិសម្នាក់ ជាហេតុបង្ខំឱ្យប៉ូលិសផ្សេងទៀតបាញ់សម្លាប់រូបគេតែម្ដង។

បន្ថែមពីលើនេះ កាលពីថ្ងៃសុក្រ GBI បានបញ្ចេញរូបថតកាំភ្លើងមួយដើម ដោយអះអាងថាវាជាកាំភ្លើងរបស់សកម្មជនឈ្មោះ ធឺរ៉ាន់ ក្នុងពេលហេតុការណ៍បាញ់ប្រហារកើតឡើង។

គួរបញ្ជាក់ថា ក្រុមសកម្មជនដែលជំទាស់នឹងគម្រោងមានទំហំទឹកប្រាក់ជាង ៩០លានដុល្លារ ក្នុងការសាងសង់មជ្ឈមណ្ឌលប៉ូលិស ដោយមូលិនិធិ Atlanta Police Foundation បានអះអាងថា គម្រោងនេះអាចនឹងបំផ្លាញព្រៃឈើលើផ្ទៃដីរាប់រយហិកតា ក៏ដូចជានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន៕