(វ៉ាស៉ីនតោន)៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះថា ខ្មាន់កាំភ្លើងម្នាក់ដែលបានសម្លាប់មនុស្សចំនួន ១០នាក់ នៅឯសាលរាំរបាំបាឡេមួយអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ស្ថិតនៅក្បែរទីក្រុងឡូសអេនជឺឡេស (Los Angeles) នៃសហរដ្ឋអាមេរិក ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

លោក រ៉ូបឺត លូណា (Robert Luna) មេបញ្ជាការប៉ូលិសក្រុង Los Angeles បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ហេតុផលនៃការបាញ់ប្រហារនេះមិនត្រូវបានគេដឹងនោះទេ។ លោក​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ឈ្មោះ ហ៊ូ ខេនត្រាន (Huu Can Tran) អាយុ ៧២ឆ្នាំ ប្រដាប់ដោយ​​កាំភ្លើង​ខ្លី​មួយដើម។ ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងបាញ់ខ្លួនឯង នៅពេលដែលប៉ូលីសចូលទៅជិតឡានពណ៌សដែលកំពុងបើកបរក្នុងចម្ងាយប្រហែល ៣៤គីឡូម៉ែត្រ ពីទីតាំងបាញ់ប្រហារនៅឯ Star Ballroom Dance Studio ក្នុងឧទ្យាន ម៉ុនតឺរ៉េ ផាក (Monterey Park)។

លោក លូណា បានគូសបញ្ជាក់ថា «ខ្ញុំ​អាច​បញ្ជាក់​ថា​មិន​មាន​ជន​សង្ស័យ​ណា​ម្នាក់​ផ្សេងទៀត នៅពី​ក្រោយឧប្បត្តិហេតុ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំនេះ​នោះ​ទេ»

គួរបញ្ជាក់ថា ជន​រង​គ្រោះក្នុងហេតុការណ៍ខាងលើនេះ មាន ​៥​នាក់​ជា​បុរស និង​៥​នាក់​ជា​ស្ត្រី។ ៧នាក់ក្នុងចំណោមពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយយ៉ាងហោចណាស់មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជាសាធារណៈទេ៕