(កង់បេរ៉ា)៖ លទ្ធផលសិក្សាវិភាគថ្មីមួយបានបង្ហាញថា សហរដ្ឋអាមេរិកនៅតែបន្តជា ប្រទេសដែលមានអំណាចឥទ្ធិពលខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៉ី ដដែល ប៉ុន្តែត្រូវបានតាមយ៉ាងប្រកៀកប្រកិតដោយចិន​ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍សន្ទស្សន៍អំណាចឥទ្ធិពលនៅតំប​ន់អាស៉ី ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយវិទ្យាស្ថានស្រាវជ្រាវ ឡូវី (Lowy) ដែលមាន​មូលដ្ឋាន នៅប្រទេសអូស្រ្តាលី បានដាក់ពិន្ទុវាយតម្លៃទៅលើប្រទេសក៏ដូចជាដែនដីសរុបចំនួន២៦ ជុំវិញសមត្ថភាពក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ នៅក្នុងតំបន់អាស៉ី ដោយផ្អែកលើកត្តាវាស់ស្ទង់ចំនួន៨ រួមមានសេដ្ឋកិច្ច យោធា និងការទូត ជាដើម។

ជប៉ុនស្ថិតនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន ហើយឥណ្ឌានៅលេខ៤ និងរុស្ស៉ីនៅលេខ៥។ ប្រទេសទាំង៥នេះ បានរក្សាតំណែងជាប់​ជាក្រុមប្រទេសដែលមានឥទ្ធិពលធំបំផុតទាំង៥ នៅតំបន់អាស៉ី ចាប់តាំងពីការចេញផ្សាយរបាយការណ៍សន្ទស្សន៍ខាងលើ បានប្រព្រឹត្តទៅដំបូងនៅឆ្នាំ២០១៨។ ចំណែកអូស្រ្តាលីនិងកូរ៉េខាងត្បូង កាន់កាប់ចំណាត់ថ្នាក់លេខ៦ និងលេខ៧ រីឯចំណាត់ថ្នាក់៣ចុងក្រោយ នៃចំណាត់ថ្នាក់កំពូលទាំង១០ គឺបានទៅលើ​សិង្ហបុរី ឥណ្ឌូណេស៉ី ហើយនិងថៃ។

គួរបញ្ជាក់ថា ស្ថិតនៅចំណាត់ថ្នាក់លេខ១ សហរដ្ឋអាមេរិក បាននាំមុខសូចនាករចំនួន៦ ក្នុងចំណោមសូចនាករសរុបទាំង៨ ជាពិសេសគឺសមត្ថភាពយោធា និងការចងសម្ព័ន្ធភាពផ្នែកការពារជាតិ។ ចាប់តាំងពីរបាយការណ៍សិក្សានេះបានចេញផ្សាយមក អាមេរិកបានបន្តនាំមុខចិនរហូត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនក៏បន្តតាមពីក្រោយអាមេរិកកាន់តែកៀកទៅៗផងដែរ តាមរយៈការទាញយកផលប្រយោជន៍ ពីតាំងភូមិសាស្រ្តដែលស្ថិតនៅក្នុងតំបន់អាស៉ីស្រាប់ ហើយនិងការផ្សារភ្ជាប់ទំនាក់ទំនង ដើម្បីជំរុញការទូតសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ ជាមួយបណ្តាប្រទេសក្នុងតំបន់។ សម្រាប់សូចនាករឥទ្ធិពលផ្នែកការទូត គឺចិនបាននាំមុខអាមេរិក ហើយសមត្ថភាពយោធាចិន ក៏បានបន្តកើនឡើងផងដែរ ធៀបនឹងឆ្នាំមុនៗ។

ស្របពេលដែលការសិក្សាខាងលើ ប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកទំនងជា នឹងមិនមានឱកាសបង្កើតគម្លាតនាំមុខចិនដាច់ឆ្ងាយ សាជាថ្មីឡើងវិញនៅអាស៉ី ព្រោះតែការកើនឡើងនៃឥទ្ធិពលរបស់ចិនក៏ដោយ ទីក្រុងវ៉ាស៉ីនតោនត្រូវបានរំពឹងថា នឹងបន្តរក្សាតំណែងជាប្រទេសមានអំណាចឥទ្ធិពលធំជាងគេដដែល ក្នុងតំបន់នេះ សម្រាប់រយៈពេលយ៉ាងហោចប៉ុន្មានឆ្នាំខាងមុខទៀត ដ្បិតទំនោរបច្ចុប្បន្នបង្ហាញថា ទីក្រុងប៉េកាំងប្រហែលជាមិនអាច ឡើងវ៉ាសហរដ្ឋអាមេរិក​បាននៅក្នុងទសវត្សរ៍នេះឡើយ៕