(អង់ការ៉ា)៖ មកទល់ឥឡូវ ចំនួនអ្នកស្លាប់បានបន្តកើនជិតដល់ ១,៤០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយ បានវាយប្រហារចំ​ប្រទេសតួកគីនិងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រធានាធិបតីតួកគីលោក រេសិប តាយយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រាប់ថា មនុស្សយ៉ាងហាស់ចំនួន៩១២នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសរបស់លោក។ ដោយឡែក ក្នុងប្រទេសស៉ីរីវិញដែលនៅក្បែរខាងវិញ តួលេខចុងក្រោយបានបង្ហាញថា មនុស្សយ៉ាងតិច ៤៧៣នាក់ក៏បានស្លាប់ផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើននាក់ ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ រីឯចំនួនអ្នករងរបួសវិញ គឺខ្ទង់រាប់ពាន់នាក់។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប រុស្ស៉ី និងអ៉ីស្រាអែល ជាដើម បានចេញមុខភ្លាមៗចូលរួមសម្តែង ការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ជំនួយដល់តួកគីក៏ដូចជាស៉ីរី។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕